នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការពារជាតិចិនបាននិយាយថា រដ្ឋមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ កំពុងត្រូវបានឃាត់ខ្លួន និងស្ថិតក្រោមការស៊ើបអង្កេត ពាក់ព័ន្ធជាមួយការបំពានច្បាប់ធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីយោធាដែលកំពុងត្រូវបានឃាត់ខ្លួននោះ គឺមានឈ្មោះថា Miao Hua និងមានឋានន្តរសក្ដិជាឧត្ដមនាវី។ លោក Hua បានបម្រើការនៅក្រោមប្រធានាធិបតី Xi Jinping ក្នុងគណៈកម្មាការយោធាកណ្តាលដែលកំពុងកាន់អំណាច និងជាស្ថាប័នយោធាកម្រិតខ្ពស់បំផុតរបស់ប្រទេសចិន។
គួរជម្រាបដែរថា ថ្មីៗនេះបណ្ដាញសារព័ត៌មាន Financial Times ក៏បានចុះផ្សាយថា រដ្ឋមន្ត្រីក្រសួងការពារជាតិ Dong Jun ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតទាក់ទងនឹងករណីពុករលួយដែរ ក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិ ចេញមុខច្រានចោលព័ត៌មានខាងលើ ដោយនិយាយថា វាជារឿងប្រឌិត និងមូលបង្កាច់គ្មានហេតុផល។
មួយរយៈកាលចុងក្រោយ រដ្ឋាភិបាលចិនបានធ្វើការបោសសម្អាតផ្ទៃក្នុង ជាពិសេសក្នុងផ្នែកយោធា ពាក់ព័ន្ធនឹងការបង្ក្រាបអំពើពុករលួយ។ តាំងពីឆ្នាំមុន មកទល់បច្ចុប្បន្ន មានមេទ័ពយោធាយ៉ាងតិច ៩រូប និងថ្នាក់ដឹកនាំក្រុមហ៊ុនឧស្សាហកម្មការពារជាតិមួយចំនួន ត្រូវបានរបូតតំណែង ក្រោយរកឃើញថាបានប្រព្រឹត្តអំពើពុករលួយ៕
អត្ថបទ៖ Luffy រូបភាព៖ The Star