សម្ដេច ហ៊ុន សែន៖ អាស៊ានមិនត្រូវធ្វើជាស្មៅឱ្យគេជាន់នោះទេ

សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានធ្វើការកត់សម្គាល់ខ្ពស់ចំពោះសភាពការណ៍តានតឹង និងពិបាកប៉ាន់ស្មាននៅលើពិភពលោក ដែលតែងតែបង្កការលំបាកដល់បណ្តាប្រទេសកំពុងអភិវឌ្ឍនានា ស្របនឹងពាក្យថា «ដំរីជល់គ្នាងាប់ស្មៅ»។ 

ក្នុងជំនួបជាមួយលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន កាលពីថ្ងៃសៅរ៍ នាវិមានព្រឹទ្ធសភា សម្តេច ហ៊ុន សែន បានបញ្ជាក់ថា នាពេលកន្លងទៅ នៅទីក្រុងដាវូស សម្តេចបានថ្លែងថា អាស៊ានមិនត្រូវធ្វើជាស្មៅឱ្យគេជាន់នោះទេ។ សម្តេចក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក។ 

តាមដានជាមួយយើង៖ Million Times

ជាមួយគ្នានេះ សម្តេចព្រឹទ្ធសភាបានសម្ដែងនូវមោទនភាពក្នុងក្របខណ្ឌអាស៊ាន ដែលរហូតមកទល់នឹងពេលនេះ កម្ពុជា បានដើរនៅតួនាទីដ៏សំខាន់ និងបានផ្ដួចផ្ដើមគំនិតជាច្រើន ហើយឯកសារសំខាន់ៗ និងសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលជាច្រើនត្រូវបានដាក់ចេញពីរាជធានីភ្នំពេញ និងតែងទទួលបាននូវការគាំទ្រជាបន្តបន្ទាប់។

គួររំលឹកថា ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីសកាលពីឆ្នាំ២០១៧ សម្តេច ហ៊ុន សែន ថ្លែងបញ្ជាក់ថា ប្រទេសក្នុងតំបន់អាស៊ាន មិនត្រូវធ្វើជាស្មៅឲ្យដំរីជាន់នោះទេ។ ទន្ទឹមនឹងនោះសម្តេចក៏បានស្តីបន្ទោសទៅឲ្យអ្នកដែលបាននិយាយថា អាស៊ានឈានទៅរកផ្លូវបែកបាក់។ សម្តេចថ្លែងថា អាស៊ាន គ្មានផ្លូវបែកបាក់នោះទេ ព្រោះអាស៊ាន គ្មានបងធំ។ ប៉ុន្តែត្រូវសួរទៅសហគមន៍អឺរ៉ុបថា តើនរណានឹងត្រូវចាកចេញបន្ទាប់ពីប្រទេសអង់គ្លេស ព្រោះតំបន់អឺរ៉ុបមានបងធំច្រើន។

នៅក្នុងឱកាសនៃជំនួបនាពេលនេះជាមួយសម្តេច ហ៊ុន សែន, លោក កៅ គឹមហួន ក៏បានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការលើកម្ពស់សន្តិភាព គ្របដណ្ដប់លើសសរស្តម្ភទាំង៣របស់អាស៊ាន ដោយរួមមានការប្រកាសជាផ្លូវការនូវគោលនយោបាយជាច្រើន រួមទាំងសេចក្តីប្រកាសទីក្រុងម៉ានីល ដើម្បីប្រឆាំងនឹងការកើនឡើងនៃភាពជ្រុលនិយម ការប្រើប្រាស់អំពើហិង្សា សេចក្តីប្រកាសអាស៊ានស្ដីអំពីវប្បធម៌ ការធ្វើឱ្យសង្គមមួយមានសន្តិភាព បរិយាប័ន្ន ភាពធន់ ភាពជោគជ័យ និងសុខដុមរមនា ព្រមទាំងសេចក្តីប្រកាសរបស់មេដឹកនាំអាស៊ាន ស្ដីពីការពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងការឆ្លើយតបនឹងវិបត្តិនានា ក្នុងខណៈដែលជម្លោះ និងភាពតានតឹងនៅតែបន្តកើតមាននៅតំបន់នានា និងជាពិសេសការប្រែប្រួលនៃអភិក្រមថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ និងកិច្ចប្រជុំនានារបស់អាស៊ានផងដែរ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ