ក្នុងអំឡុងពេលចូលរួមមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះ លោក Andrés Pastrana អតីតប្រធានាធិបតីកូឡុំប៊ី និងបច្ចុប្បន្នជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ CDI-IDC បានជួបពិភាក្សាការងារ ជាមួយសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា កាលពិព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ការចូលរួមកម្មវិធីជាច្រើនកន្លងមក និងការទស្សនាប្រទេសកម្ពុជាច្រើនលើករបស់លោក Andrés Pastrana គឺជាការផ្តល់កិត្តិយស និងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា។
សម្តេចក៏បានសម្តែងការអបអរសាទរចំពោះលទ្ធផលដ៏ជោគជ័យនៃកិច្ចប្រជុំ IDC-CDI នៅខេត្តសៀមរាប ដែលទើបបានបញ្ចប់ និងមានសេចក្តីសោមនស្សរីករាយ ដែលលោក Andrés Pastrana រួមជាមួយគណៈប្រតិភូ បន្តចូលរួមមហាសន្និបាតនៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី ១២ ហៅកាត់ថា ICAPP ដែលគណបក្សប្រជាជនកម្ពុជាធ្វើជាម្ចាស់ផ្ទះបន្តទៀត។
សម្តេចបានបន្តថា ការចូលរួមក្នុងបណ្តាកិច្ចប្រជុំនេះ គឺមានសារៈសំខាន់ខ្លាំងណាស់នាពេលបច្ចុប្បន្ន នៅពេលដែលពិភពលោកមានការវិវត្តយ៉ាងឆាប់រហ័ស ប្រកបដោយភាពគ្រោះថ្នាក់ ស្មុគ្រស្មាញ និងមិនអាចប៉ាន់ស្មានបាន ដែលតម្រូវឱ្យគណបក្សនយោបាយមកពីគ្រប់តំបន់ ចាំបាច់ត្រូវជួបពិភាក្សាគ្នា ស្វែងរកវិធីសាស្រ្ត ដែលអាចជួយនាំសន្តិភាពត្រឡប់មករកពិភពលោករបស់យើងវិញ។
នៅក្នុងឱកាសនោះ លោក Andres Pastrana បានលើកឡើងពីប្រវត្តិជូរចត់ដូចគ្នារវាងកូឡុំប៊ី និងកម្ពុជា ដែលបានរងគ្រោះដោយសារសង្រ្គាម និងការបែកបាក់ ជាពិសេសក្នុងអំឡុងពេលនៃការបះបោររបស់ពួកជ្រុលនិយម Marxist Guerilla ដែលមានរយៈពេលជាង ៥០ឆ្នាំមុន។ លោកបានគូសបញ្ជាក់ថា សម្តេច ហ៊ុន សែន គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពិភពលោកមកសិក្សាស្វែងយល់ និងដកបទពិសោធន៍។
លោកបន្តថា លោកពិតជាពេញចិត្ត និងគាំទ្រទាំងស្រុងចំពោះបទអត្ថាធិប្បាយរបស់សម្តេចប្រធានគណបក្ស CPP នៅក្នុងកម្មវិធីបើកសន្និបាត ICAPP ដែលសម្តេចមានប្រសាសន៍ថា «នៅលើពិភពលោកនេះ គ្មានស្តង់ដារ សម្រាប់ការកសាងសន្តិភាពនោះទេ ហើយស្តង់ដារដែលមានសម្រាប់ពិភពលោក គឺមានតែក្នុងវិស័យកីឡាប៉ុណ្ណោះ ដែលគេប្រើស្តង់ដាររួមមួយ»។ ក្នុងន័យនេះលោក ក៏បានឯកភាពថា មានតែប្រទេសយើងខ្លួនឯងប៉ុណ្ណោះ ដែលអាចបង្កើតវិធីសាស្រ្ត ឬស្តង់ដារក្នុងការកសាងសន្តិភាពឱ្យប្រទេសខ្លួនឯង។
បន្ថែមទៀតនោះ លោកបានរំលឹកជូនសម្តេចពីប្រវត្តិស្វែងរកសន្តិភាពនៅពេលដែលលោកជាបេក្ខជននៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងក្រោយមកក្លាយជាប្រធានាធិបតីសម្រាប់ប្រទេសកូឡុំប៊ី នៅទសវត្សឆ្នាំ ១៩៩០។ លោកបន្ថែមថា ប្រទេសកម្ពុជា គឺជាប្រទេសគំរូសម្រាប់ប្រទេសកូឡុំប៊ី និងដោយផ្អែកតាមបទពិសោធន៍នេះ លោកបានព្យាយាមចរចាជាមួយគ្រប់បណ្តាគណបក្សនយោបាយ និងគ្រប់ភាគីពាក់ព័ន្ធ ហើយជាលទ្ធផលនាពេលនេះប្រទេសកូឡុំប៊ី បានក្លាយជាប្រទេសគំរូមួយផងដែរ សម្រាប់ការផ្សះផ្សាដើម្បីសន្តិភាព។ ទន្ទឹមនឹងនេះ លោកបានសម្តែងការកោតសរសើរ និងស្ញប់ស្ញែងចំពោះយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ របស់សម្តេច ហ៊ុ. សែន ដែលទទួលបានជោគជ័យ រហូតមានការអភិវឌ្ឍដូចសព្វថ្ងៃ និងទទួលបានឯកភាពជាតិទាំងស្រុង៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ