អគាររដ្ឋសភាថ្មីជាស្ថាបត្យកម្មខ្មែរដាក់សម្ពោធ ក្រោយសាងសង់អស់ ២៥ លានដុល្លារ ជា​ជំនួយពីវៀតណាម

អគារ​រដ្ឋបាល​ថ្មី​របស់​រដ្ឋសភា​កម្ពុជា ដែល​មាន​កម្ពស់ ១២ ជាន់ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​រសៀល​ថ្ងៃ ២១ ខែ​វិច្ឆិកា ឆ្នាំ២០២៤ កន្លង​ទៅ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​មហា​រដ្ឋសភា​ធិការ​ធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម ជិន ថាញ់មិន (Tran Thanh Man) ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។

តាមដានជាមួយយើង៖ Million Times

សម្ដេច​មហា​រដ្ឋសភា​ធិការ​ធិបតី ឃួន សុដារី បាន​ថ្លែង​អំណរគុណ​ជ្រាលជ្រៅ ជូន​ចំពោះ បក្ស​កុម្មុយនិស្ត​រដ្ឋ និង​ប្រជាជន​វៀតណាម ដែល​បាន​ផ្ដល់​ជំនួយ​ឧបត្ថម្ភ ២៥ លាន​ដុល្លារ សាងសង់​អគារ​ថ្មី​កម្ពស់ ១២ ជាន់ ជូន​រដ្ឋសភា និង​ប្រជាជន​កម្ពុជា។

ប្រធាន​រដ្ឋសភា កម្ពុជា​សម្ដេច​បាន​គូស​បញ្ជាក់​ថា​អគារ​ដ៏​ស្កឹមស្កៃ ដែល​​ដាក់​សម្ពោធ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ថ្មី​ៗ​នេះ បាន​បំពេញ​បន្ថែម​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្ដែង​របស់​រដ្ឋសភា​កម្ពុជា ជាពិសេស​នឹង​រួម​ចំណែក​ដល់​តម្រូវការ​នៃ​ការ​កែទម្រង់​អភិបាលកិច្ច ប្រែ​ក្លាយ​ជា​សភា​ឌីជីថល និង ការ​លើក​កម្ពស់​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ការងារ​របស់​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ដែល​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការ​បម្រើ​សេវា​ជូន​ដល់​ថ្នាក់​ដឹក​នាំ​រដ្ឋសភា និង​សមាជិក សមាជិកា​រដ្ឋសភា ដែល​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត។

អគារ​រដ្ឋបាល​ថ្មី ​ បាន​ដែល​សាងសង់​អស់​ទឹក​ប្រាក់ ២៥ លាន​ដុល្លារ មាន​កម្ពស់ ១២ ជាន់ និង​បំពាក់​ដោយ​សម្ភារៈ​ទំនើប មាន​រចនាបថ​ស្ថាបត្យកម្ម​ខ្មែរ។ អគារ​រដ្ឋបាល​ថ្មី​នេះ នឹង​បម្រើ​ដល់​ការងារ​រដ្ឋបាល​របស់​រដ្ឋសភា ដូចជា ជា​ការិយាល័យ​របស់​គណៈកម្មការ​ជំនាញ​រដ្ឋសភា ជា​សាល​ប្រជុំ ព្រម​ទាំង​ជា​ការិយាល័យ​របស់​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ផង​ដែរ។

សំណង់អគាររដ្ឋបាលនេះបានបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​នីតិកាល​ទី៦ និង អតីត​ប្រធាន​រដ្ឋ​វៀតណាម ឯកឧត្ដម ង្វៀង ស៊ុនហ្វុក៕

អត្ថបទ៖ មេរ៉ា , រូបភាព៖ Khuon Sudary, President of the National Assembly of Cambodia