សាលាដំបូងខេត្តកំពត កំពុងពិនិត្យដីជាង ២០០ ហិកតា ធ្វើមូលដ្ឋានដំណោះស្រាយឲ្យជនរងគ្រោះ ក្នុងសំណុំរឿងអតីតឧកញ៉ា ជា សារ៉ន

កាលពី​ថ្ងៃ ១៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ កន្លង​ទៅ សាលាដំបូង​ខេត្ត​កំពត បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ពី​វឌ្ឍនភាព​ចំណាត់​ការ​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ដែល​ជា​អតីត​ឧកញ៉ា ពាក់​ព័ន្ធ​ករណី ​ឆបោក ​ប្រជា​ពលរដ្ឋ ​រាប់ពាន់​នាក់ ក្រោម​រូប​ភាព​វិនិយោគ​ដី​ឡូត៍ ​នៅ​ស្រុក​ឈូក​ខេត្ត​កំពត​ដ៏​កក្រើក​កាលពី​ឆ្នាំ​មុន។

តាមដានជាមួយយើង៖ Million Times

អ្នកនាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កំពត បាន​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ចំណាត់ការ​នីតិវិធី​របស់​សាលា​ដំបូង​ខេត្ត​កំពត ដូច​ខាងក្រោម៖

១. បាន​សម្រេច​បង្កក​គណនី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ចំនួន ១០៦ គណនី ។

២. បាន​សម្រេច​បង្កក​អចលនវត្ថុ (ដី) ចំនួន ២.០១២ ក្បាលដី ស្មើ​នឹង​ទំហំ ២ ២៨៨ ៧៩៦.៨ (ពីរ លាន ម្ភៃ​ប្រាំបី​ម៉ឺន ប្រាំ​បី​ពាន់ ប្រាំ​ពីរ​រយ កៅសិប​ប្រាំ​មួយ ក្បៀស​ប្រាំបី) ម៉ែត្រ​ការ៉េ​មាន​ទី​តាំង​ស្ថិត នៅ​ខេត្ត​កំពត, រាជធានី​ភ្នំពេញ, ខេត្ត​កណ្ដាល និង​ខេត្ត​កែប។ សាលា​ដំបូង​ខេត្ត​កំពត ក៏​កំពុង​តែ​ស្រាវជ្រាវ​ស្វែងរក​នូវ​អចលនវត្ថុ និង​ចលនវត្ថុ​របស់​ជន​ត្រូវ​ចោទ ដែល​ពាក់ព័ន្ធ​បន្ត​ទៀត​ផង​ដែរ។

៣. សាលា​ដំបូង​ខេត្ត​កំពត បាន​នឹង​កំពុង​ពិនិត្យ និង​សិក្សា​លើ​អចលនវត្ថុ ដែល​ត្រូវ​បាន​បង្កក ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​រក​ដំណោះស្រាយ​ជូន​ជនរងគ្រោះ និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី។

៤. សាលា​ដំបូង​ខេត្ត​កំពត បាន​នឹង​កំពុង​ពិនិត្យ​ស្រាវជ្រាវ​នូវ​កម្ចី (បំណុល) របស់​ជនរងគ្រោះ និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទូទាំង​ប្រទេស ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ។

ក្នុង​នោះ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កំពត​បន្ថែម​ថា សាលា​ដំបូង​ខេត្ត​កំពត បាន​កំពុង​បន្ត​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ជា សារ៉ន និង​បក្ខពួក ហើយ​នឹង​បន្ត​ចាត់ការ​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក របស់​ជន​ត្រូវ​ចោទ​ឈ្មោះ ជា សារ៉ន ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ដោយ​ភាព​ត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ដោយអនុវត្តតាមច្បាប់ និង​នីតិវិធី​ជា​ធរមាន។

ជា​មួយ​គ្នា​នេះ អ្នកនាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កំពត​បាន​អំពាវនាវ​សូម​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ សាធារណជន មេត្តា​សហការ ដោយ​រក្សា​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់​ល្អ ដើម្បី​សាលា​ដំបូង​ខេត្ត​កំពត បន្ត​ចាត់​ការ​សំណុំ​រឿង​នេះ ប្រកបដោយ ប្រសិទ្ធភាព និង​រក​ដំណោះ​ស្រាយ​ជូនភាគី ដែល​មាន​ការ​ពាក់ព័ន្ធ​ទាំងអស់​នា​ពេល​ខាង​មុខ៕

អត្ថបទ៖ មេរ៉ា, រូបភាព អ៊ីនធឺណេត