លោក ហាន ជឹង (Han Zheng) អនុប្រធានាធិបតីចិន ប្រគល់ «ពានរង្វាន់ពន្លឺនៃវិទ្យាស្ថានខុងជឺ» ដល់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅចំពោះមុខអ្នកចូលរួមប្រមាណជាង ២ ០០០ នាក់មកពី ១៦០ប្រទេសនៅលើពិភពលោក នៅក្នុងកម្មវិធីមហាសន្និបាតភាសាចិនពិភពលោក នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកការប្រគល់ «ពានរង្វាន់ពន្លឺនៃវិទ្យាស្ថានខុងជឺ» ពីប្រទេសចិននេះមិនមែនត្រឹមតែជាកិត្តិយសសម្រាប់វិទ្យាស្ថានខុងជឺ ប៉ុណ្ណោះទេ ពោលគឺសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ ពីព្រោះវិទ្យាស្ថានខុងជឺ គឺជាគ្រឹះស្ថានអប់រំភាសាចិនតែមួយគត់នៅក្នុងប្រទេសកម្ពុជា និងក្នុងចំណោមគ្រឹះស្ថានអប់រំភាសាចិនចំនួន ៣៤ ផ្សេងទៀតនៅទូទាំងពិភពលោកដែលទទួលបានពានរង្វាន់មួយនេះ។
ការទទួលបាន «ពានរង្វាន់ពន្លឺនៃវិទ្យាស្ថាន ខុងជឺ» គឺសបញ្ជាក់ឱ្យឃើញថា វិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជាដែលមានការត្រួសត្រាយចង្អុលបង្ហាញផ្លូវពីលោក សុខ ទូច និងភាគីពាក់ព័ន្ធ វិទ្យាស្ថានបានខិតខំរួមចំណែកយ៉ាងច្រើនលើការបណ្តុះបណ្តាលធនធានភាសាចិន ការផ្លាស់ប្តូរវប្បធម៌ និងការរឹតចំណងមិត្តភាពកម្ពុជា-ចិន រហូតទទួលបានកិត្តិយសមួយនេះ។
សូមបញ្ជាក់ថា មហាសន្និបាតភាសាចិនពិភពលោកនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិន-បរទេសនៃក្រសួងអប់រំចិន មូលនិធិអប់រំភាសាចិនអន្តរជាតិ និងសមាគមអន្តរជាតិសម្រាប់ការបង្រៀនភាសាចិន៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ រាជបណ្ឌិត្យសភាកម្ពុជា