ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោកដូណាល់ ត្រាំ បានជ្រើសតាំងលោក ភីត ហេគសិត (Pete Hegseth) ពិធីករប៉ុស្តិ៍ទូរទស្សន៍ Fox News ក្នុងការឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ សម្រាប់រដ្ឋបាលរបស់ខ្លួន។
គេហទំព័រ CNN បានរាយការណ៍ថា ការសម្រេចចិត្តរបស់លោកត្រាំ គឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ដ្បិតលោកភីត មិនមែនស្ថិតក្នុងចំណោមបេក្ខភាព ដែលជាសមាជិកក្រុមលោកត្រាំឡើយ។
លោកដូណាល់ ត្រាំ បានមានប្រសាសន៍ថា មូលហេតុដែលលោកសម្រេចចិត្តជ្រើសយកលោកភីត ជារដ្ឋមន្ត្រីការពារជាតិ ដោយសារបុគ្គលម្នាក់នេះមានភាពវ័យឆ្លាត រហ័សរហួន និងជាអ្នកស្នេហាជាតិអាមេរិក។
អនាគតប្រធានាធិបតីអាមេរិក សង្កត់ធ្ងន់ទៀតថា លោកភីតបានចំណាយពេលសឹងមួយជីវិត ក្នុងនាមជាទាហានសម្រាប់ប្រទេសជាតិ ហើយតំណែងថ្មីរបស់គេ នឹងធ្វើឲ្យសត្រូវរបស់អាមេរិក កាន់តែបង្កើនភាពប្រុងប្រយ័ត្ន។ កងទ័ពរបស់យើង នឹងមានភាពអស្ចារ្យម្ដងទៀត ហើយអាមេរិកនឹងគ្មានថ្ងៃចុះចាញ់អ្នកណាឡើយ។
គួររំលឹកបន្តិចថា លោកភីត ហេគសិត ធ្លាប់បានបម្រើកងទ័ពអាមេរិកជាយូរឆ្នាំ និងមានបទពិសោធន៍ចុះទៅសមរភូមិនៅអាហ្វហ្គានីស្ថាន និងនៅប្រទេសអ៊ីរ៉ាក់។
ក្រោយចូលនិវត្តន៍ពីជួរកងទ័ពអាមេរិកក្នុងឆ្នាំ២០១៤ ជាមួយមេដាយផ្កាយសំរិទ្ធ២ និងចាប់អាជីពជាពិធីករប៉ុស្ត៍ទូរទស្សន៍ Fox News ទាហានជើងចាស់រូបនេះ បានដើរតួជាទីប្រឹក្សាមិនផ្លូវការ សម្រាប់លោកដូណាល់ ត្រាំ ជាញឹកញាប់។
កាលពីឆ្នាំ២០១៦ ពេលដែលលោកត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកដំបូង លោកត្រាំក៏ធ្លាប់ចង់ប្រគល់តួនាទីមួយចំនួន សម្រាប់លោកភីត ក្នុងជួររដ្ឋបាលផងដែរ ក៏ប៉ុន្តែពិធីករប៉ុស្តិ៍ទូរទស្សន៍រូបនេះ បានបដិសេធ៕
អត្ថបទ៖ Luffy រូបភាព៖ AP