កាលពីសប្ដាហ៍មុនមហាសេដ្ឋី គិត ម៉េង និងគ្រួសារបានដង្ហែអង្គកឋិនទានទៅកាន់វត្តសាមគ្គីរតនមុនី ខេត្តស្វាយរៀង។ មុនពេលដង្ហែអង្គកឋិនទានរបស់សេដ្ឋីនី ម៉ៅ ចំណាន និងក្រុមគ្រួសារចូលទៅក្នុងព្រះវិហារ ភរិយាមហាសេដ្ឋីប្រចាំស្រុកខ្មែរ គិត ម៉េង មិនប្រកាន់ខ្លួនឡើយ បានចូលទៅសម្អាតព្រះវិហារខ្លួនឯងផ្ទាល់តែម្ដង។
វីដេអូដែលភរិយាមហាសេដ្ឋី គិត ម៉េង បោសសម្អាតក្នុងព្រះវិហារដោយខ្លួនឯង បើទោះជាមានក្រុមការងារហើយក៏ដោយ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមភ្ញាក់ផ្អើល ព្រោះកម្រឃើញមានអ្នកមានកំពូលណាមកធ្វើការងារបែបនេះដោយខ្លួនឯង។ ប្រធានសមាគមសិល្បករខ្មែររូបនេះ បានបង្ហាញឲ្យដឹងថា ការដែលក្លាយខ្លួនជាអ្នកមានមុខមាត់មាន មានជំនួញពេញក្នុងដៃ មិនបានធ្វើឲ្យលោកស្រីផ្លាស់ប្ដូរអត្តចរិត និងភ្លេចអ្វីដែលធ្លាប់ធ្វើពីមុនមកឡើយ។
ក្នុងកម្មវិធីដង្ហែអង្គកឋិនទៅកាន់វត្តសាមគ្គីរតនមុនី ស្ថិតនៅក្នុងភូមិបុស្ស ឃុំស្វាយកាយ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ សេដ្ឋីនី ម៉ៅ ចំណាន ក៏បានឆ្លៀតពេលរៀបចំពិធីជួបជុំសិល្បករសិល្បការិនីរៀមច្បងប្រមាណ ៤០ នាក់ ដែលសុទ្ធតែជាអ្នកសិល្បៈជើងចាស់មានទីកំណើតនៅក្នុងខេត្តស្វាយរៀង និងព្រៃវែង។ នៅក្នុងកម្មវិធីជួបជុំនោះ ទៀតសោត ក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេច កិតិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សេដ្ឋីនីលំដាប់ប្រទេសរូបនេះ ក្លាយជាអ្នកជំនួញប្រាក់វាល់លានដុល្លារ ប៉ុន្តែនៅតែធ្វើខ្លួនបែបធម្មតាៗ មិនវាយឫក ហើយយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួនមិនប្រែ ទោះឈប់ប្រឡូកក្នុងអាជីពសិល្បៈហើយក៏ដោយ។
ជាក់ស្ដែងកាលពីពេលថ្មីៗក្នុងកម្មវិធីនៅខេត្តសៀមរាប លោកជំទាវ ម៉ៅ ចំណាន បានយកផ្ដិតទៅបក់ឲ្យសិល្បករដែលសម្ដែងជូនភ្ញៀវទេសចរមកទស្សនា ដោយមើលឃើញពីភាពនឿយហត់។ កម្មវិធីនៅខេត្តនោះដែរ ពេលក្រុមការងារយកកូនកង្ហារឲ្យដើម្បី កុំឲ្យលោកស្រីក្ដៅ តែលោកស្រី ម៉ៅ ចំណាន បានបដិសេធ ដោយឲ្យម្ចាស់កង្ហារប្រើប្រាស់ខ្លួនឯង ព្រោះធ្វើការហត់ និងត្រូវក្ដៅជាងខ្លួន។
ទង្វើតូចៗ តែគោរពអ្នកដទៃបែបនេះហើយទើបមិនថាក្នុងការងារអ្វី លោជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ទទួលបានការស្រលាញ់ទាំងថ្នាក់លើ និងថ្នាក់ក្រោមគ្រប់គ្នា ហើយស័ក្តិសមជាភរិយាបណ្ដូលចិត្តមហាសេដ្ឋីកំពូលស្រុកខ្មែរ៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ សមាគមសិល្បករខ្មែរ និង Sinuon Khoeun