សារព័ត៌មានអាមេរិក Fox News បានរាយការណ៍ថា អនាគតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានបំណងតែងតាំងសមាជិកព្រឺទ្ធសភារដ្ឋ Florida លោក Marco Rubio ជារដ្ឋមន្ត្រីការបរទេស សម្រាប់រដ្ឋបាលរបស់លោក។
ដោយមានបទពិសោធន៍លើគោលនយោបាយការបរទេសច្រើនឆ្នាំ និងមានតួនាទីជាសមាជិកព្រឹទ្ធសភា ៣អាណត្តិផង លោក Rubio ទទួលបានការទុកចិត្តពីលោកត្រាំ ក្នុងការក្លាយជាបេក្ខភាពមួយរូបសម្រាប់តំណែងរដ្ឋមន្ត្រីការបរទេសអាមេរិក។
លោក Rubio ធ្លាប់កាន់តួនាទីនៅគណៈកម្មាការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភា និងគណៈកម្មាធិការទំនាក់ទំនងបរទេស ដូច្នេះបើសិនលោកក្លាយជារដ្ឋមន្ត្រីការបរទេស នឹងអាចជួយសម្រាលការងារផ្នែកអន្តរជាតិរបស់លោកត្រាំ ដូចជាការប្រឆាំងនឹងការបន្តផ្ដល់ជំនួយដល់អ៊ុយក្រែន និងបញ្ហាការទូតផ្សេងៗ ទាក់ទងនឹងបញ្ហាមួយនេះ។
សមាជិកព្រឺទ្ធសភាវ័យ ៥៣ឆ្នាំរូបនេះ នៅតែជាសសរទ្រូងដ៏រឺងមាំមួយ ក្នុងការពង្រឹងទំនាក់ទំនងអន្តរជាតិ របស់សហរដ្ឋអាមេរិក រួមទាំងអង្គការណាតូផងដែរ។
បើសិនជាការតែងតាំងនោះកើតឡើងពិតមែន លោក Rubio នឹងក្លាយជាជនជាតិអាមេរិកឡាទីនដំបូង ដែលឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ប្រចាំប្រវត្តិសាស្ត្រអាមេរិក។
សូមជម្រាបដែរថា ចាប់តាំងពីជាប់ឆ្នោតជាប្រធានាធិបតីទី៤៧ លោកដូណាល់ ត្រាំ ចាប់ផ្ដើមរៀបចំគណៈរដ្ឋមន្ត្រីរបស់ខ្លួន ដោយក្រៅពីលោក Rubio លោកត្រាំ ក៏មានបំណងតែងតាំងតំណាងរាស្ត្ររដ្ឋ New York លោកស្រី Elise Stefanik ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Tom Homan ជាមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន តំណាងរាស្ត្ររដ្ឋ Florida លោក Michael Waltz ជាទីប្រឹក្សាសន្តិសុខជាតិ និងអតីតតំណាងរាស្ត្ររដ្ឋ New York លោក Lee Zeldin ដឹកនាំទីភ្នាក់ងារការពារបរិស្ថាន៕
អត្ថបទ៖ Luffy រូបភាព៖ Fox News