នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ស្ថិតនៅតាមបណ្ដោយឆ្នេរអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី១១ ខែវិច្ឆិកានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ខេត្តដែលមានសក្ដានុពលទេសចរណ៍ ត្រូវបង្កើតក្រុមការងាររង់ចាំឆ្លើយតបចំពោះបញ្ហាអ្នកទេសចរ ហើយសម្ដេចសង្ឃឹមថា រឿងបាយឆានៅក្នុងខេត្តកែប នឹងមិនកើតមានទៀតនោះឡើយ។
![](https://www.millionstimes.com/wp-content/uploads/2024/04/Telegram-icon.png)
![](https://www.millionstimes.com/wp-content/uploads/2024/11/466127332_559484813550691_8354118659796436662_n.jpg)
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានណែនាំជំរុញដល់រដ្ឋបាលខេត្តនានា ពិសេសខេត្តដែលមានសក្ដានុពលទេសចរណ៍ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាសេវាកម្ម តម្លៃ គុណភាព ក៏ដូចជាតម្រូវការរបស់អ្នកទេសចរ។ សម្ដេចបានផ្ដាំផ្ញើទៅអភិបាលខេត្តកែបថា កុំឲ្យរឿងបាយឆាមួយចាន កើតឡើងទៀតឲ្យសោះ។
នាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា អភិបាលខេត្តត្រូវមានចក្ខុវិស័យច្បាស់លាស់ ត្រូវតាមដាន ហើយទទួលខុសត្រូវ មើលក្នុងខេត្តរបស់ខ្លួនមានសក្ដានុពលអ្វីខ្លះ ត្រូវរៀបចំដាក់ផែនការអភិវឌ្ឍឲ្យបានត្រឹមត្រូវ។ មួយវិញទៀត មន្ត្រីរាជការ ដៃគូអភិវឌ្ឍ ប្រតិបត្តិករ ក៏ត្រូវចូលរួមអនុវត្តប្រកបដោយភាពស្មោះត្រង់ និងម៉ឺងម៉ាត់តាមផែនការដែលបានដាក់ចេញ។ ចំពោះប្រជាពលរដ្ឋ អាជីវករ វិស័យឯកជនក៏ត្រូវសហការចូលរួមជាមួយអាជ្ញាធរ មន្ទីរ អង្គភាពជំនាញផងដែរ ដើម្បីរួមគ្នាឲ្យខេត្តរបស់ខ្លួនកាន់តែមានភាពទាក់ទាញ។
![](https://www.millionstimes.com/wp-content/uploads/2024/11/466357398_559484856884020_5201008477047831110_n-959x715.jpg)
រូបភាព៖ Samdech Thipadei Hun Manet
សម្ដេចទើបតែបានផ្ដល់គោលការណ៍បង្កើតក្រុមខេត្តទេសចរណ៍ ដូចជា ក្រុមនិរតីមានខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង, ក្រុមឧត្តរ មានខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ, ក្រុមឦសានមានខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដែលគោលដៅនៃការបង្កើតក្រុមខេត្តនេះ គឺដើម្បីរួមគ្នាបង្កើតជាសហថាមពល បង្កើតឲ្យមានកម្មវិធីទេសចរណ៍ឲ្យបានច្រើន បង្កើតកញ្ចប់ទេសចរណ៍រួមគ្នា ចែកគោលដៅឲ្យភ្ញៀវទេសចរទៅទស្សនា។
គួរបញ្ជាក់ថា កាលពីប៉ុន្មានខែមុន ខេត្តកែបជួបប្រទះបញ្ហាអាជីវកម្ម និងភ្ញៀវទៅលេង ឈ្លោះគ្នាព្រោះតម្លៃបាយឆាមួយចាន ៦ ម៉ឺនរៀល រហូតត្រូវបានប្រជាពលរដ្ឋរិះគន់ខ្លាំងៗ និងលើកឡើងថានឹងមិនទៅលេងទីនោះទៀត៕
អ្នកសរសេរអត្ថបទ៖ មេរ៉ា