តម្លៃហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia មានការកើនឡើងខ្លាំងដល់ចំណុចខ្ពស់បំផុត កាលពីសប្ដាហ៍មុន និងបានវ៉ាដាច់ Apple ក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោកថែមទៀត។
គេហទំព័រ Reuters បានរាយការណ៍ថា Nvidia បានសាងទំព័រប្រវត្តិសាស្ត្រថ្មី លើទីផ្សារហ៊ុនពិភពលោក ដោយបានក្លាយជាក្រុមហ៊ុនដំបូង ដែលមានមូលធនទីផ្សារលើសពី ៣,៦ទ្រីលានដុល្លារ។
មូលធនទីផ្សាររបស់ក្រុមហ៊ុន Nvidia គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា មានរហូតដល់ ៣,៦២ទ្រីលានដុល្លារ ស្របពេលក្រុមហ៊ុន Apple មាន ៣,៤៣ទ្រីលានដុល្លារ។ នេះបើតាមរបាយការណ៍បង្ហាញដោយគេហទំព័រ Companiesmarketcap។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Nvidia បានសំងំកើបលុយក្រាស់ក្រែល ពីការប្រកួតប្រជែងវិស័យបច្ចេកវិទ្យាទូទាំងសកលលោក តួយ៉ាងបច្ចុប្បន្នក្រុមហ៊ុនមួយនេះ កំពុងទទួលការបញ្ជាទិញបន្ទះឈីបរាប់ពាន់លានដុល្លារ ពីក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Alphabet ដែលប្រឹងប្រជែងគ្នា លើការអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត៕
អត្ថបទ៖ Luffy រូបភាព៖ CNBC