ជ័យជម្នះរបស់លោកដូណាល់ ត្រាំ ក្នុងការក្លាយជាប្រធានាធិបតីអាមេរិកអាណត្តិទី៤៧ បានធ្វើឲ្យមនុស្សជំនិតជុំវិញខ្លួនលោក កើបផលប្រយោជន៍ជាខ្លាំង ដូចជាមហាសេដ្ឋី Elon Musk ដែលកើនទ្រព្យសម្បត្តិច្រើនក្រាស់ក្រែល។
សារព័ត៌មាន Hindustan Times បានរាយការណ៍ថា បន្ទាប់ពីលោកត្រាំ ជាប់ឆ្នោតជាប្រធានាធិបតី ទ្រព្យសម្បត្តិរបស់លោក Elon Musk បានកើនឡើង ២៦,៥ពាន់លានដុល្លារ ដោយសារតម្លៃភាគហ៊ុន Tesla ហក់ឡើងខ្ពស់ ជំរុញពីក្រោយដោយឥទ្ធិពលនៃលទ្ធផលឆ្នោតមេដឹកនាំអាមេរិក។
ទ្រព្យសម្បត្តិរបស់មេធំ Tesla បានឈានដល់ចំនួន ២៩០ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី០៧ ខែវិច្ឆិកា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
គួររំលឹកបន្តិចថា Elon Musk គឺជាអ្នកគាំទ្រលោកត្រាំ ដ៏ងប់ងុល និងបានចាយលុយជិត ១២០លានដុល្លារ បរិច្ចាគជូនគណបក្សលោកត្រាំ ធ្វើយុទ្ធនាការឃោសនារកសន្លឹកឆ្នោត។ ជាការតបស្នង លោកត្រាំ សន្យាថា នឹងផ្ដល់ជូនតួនាទីជាទីប្រឹក្សាក្នុងរដ្ឋបាលរបស់ខ្លួន ទៅកាន់មហាសេដ្ឋីអាមេរិករូបនេះ៕
អត្ថបទ៖ Luffy រូបភាព៖ Investopedia