JD Vance ពីអ្នករិះគន់ ក្លាយជាមនុស្សជំនិតរបស់លោកដូណាល់ ត្រាំ

JD Vance ពីអ្នករិះគន់ ក្លាយជាមនុស្សជំនិតរបស់លោកដូណាល់ ត្រាំ

បន្ទាប់ពីទទួលបានសម្លេងគាំទ្រពីអង្គបោះឆ្នោតច្រើនជាង ២៧០សម្លេង លោកដូណាល់ ត្រាំ ទទួលបានជ័យជម្នះក្នុងការក្លាយជាប្រធានាធិបតីអាមេរិកថ្មី ដោយមានលោក JD Vance អតីតអ្នករិះគន់មិនសំចៃមាត់ ក្លាយជាអនុប្រធានាធិបតីក្នុងរដ្ឋបាលរបស់លោក។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានរាយការណ៍ថា កាលពី ៨ឆ្នាំមុន លោក Vance គឺជាអ្នករិះគន់ចាស់ដៃ ទៅលើលោកត្រាំ ហើយថែមទាំងធ្លាប់ប្រដូចលោក ទៅនឹងជនផ្ដាច់ការហ៊ីត្លែរថែមទៀត។ លោក Vance គឺជាសកម្មជនបក្សប្រឆាំងដ៏មុះមុតម្នាក់ អំឡុងពេលលោកត្រាំ កាន់តំណែងប្រធានាធិបតីអាមេរិក អំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០២០។

តើទំនាក់ទំនងរវាងលោក Vance និងលោកត្រាំ ផ្លាស់ប្ដូរនៅពេលណា?

នៅក្នុងឆ្នាំ២០២២ ពេលដែលលោក Vance ទទួលបានការតែងតាំងជាសមាជិកសភាប្រចាំរដ្ឋ Ohio នៃគណបក្សសាធារណរដ្ឋ ពេលនោះហើយទំនាក់ទំនងរវាងលោក និងលោកត្រាំ មានការប្រែប្រួល។

មុនស្គាល់លោកត្រាំ លោក Vance បានជួបជាមួយកូនប្រុសច្បងគឺលោក Donald Trump Jr. ហើយអ្នកទាំង២ មានចក្ខុវិស័យស្រដៀងគ្នា និងបង្កើតបានជាមិត្តភាពដ៏ជិតស្និទ្ធមួយ។

លុះដល់ដើមឆ្នាំ២០២៤ លោក Vance ក៏បានជួបជាមួយលោកត្រាំ និងបានស្វែងយល់ថា ការគិតរបស់លោកចំពោះលោកត្រាំកន្លងមក គឺជារឿងខុស ហើយលោកក៏បានបោះឆ្នោតជូនមហាសេដ្ឋីអាមេរិកម្នាក់នេះ ឈរជាបេក្ខភាពប្រធានាធិបតី តំណាងគណបក្សសាធារណរដ្ឋ។

លោក JD Vance និងកូនប្រុសច្បងរបស់លោកត្រាំ ត្រូវបានអ្នកសង្កេតនយោបាយអាមេរិកចាត់ទុកថា ជាបុគ្គលសំខាន់បំផុត ដែលអាចជួយឲ្យលោកត្រាំ វិលមកកាន់កៅអីប្រធានាធិបតីវិញបាន ដ្បិតពួកគេទាំង២ ជាអ្នកបញ្ចុះបញ្ចូលឲ្យក្រុមមហាសេដ្ឋី បរិច្ចាគទឹកប្រាក់ ធ្វើយុទ្ធនាការឃោសនារកសន្លឹកឆ្នោតនាពេលកន្លង។

សូមជម្រាបដែរថា លោក JD Vance នឹងក្លាយជាអនុប្រធានាធិបតីវ័យក្មេងបំផុតមួយរូប ប្រចាំប្រវត្តិសាស្ត្រអាមេរិក នៅពេលលោកដូណាល់ ត្រាំ ឡើងកាន់តំណែងជាមេដឹកនាំមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោក៕

អត្ថបទ៖ Luffy រូបភាព៖ Reuters