សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានតុលាការចេញដីកាឃុំខ្លួនអ្នកឧកញ៉ា លី សាម៉េត ដាក់ពន្ធនាគារនៅមណ្ឌលអប់រំកែប្រែទី១ «ម១» ក្រោមបទចោទប្រកាន់ពាក់ព័ន្ធរឿងឆបោក។
ដីកាឃុំខ្លួនរបស់ចៅក្រមស៊ើបសួរលោក ថោង ផល្លារង្សី បង្គាប់ឲ្យសមត្ថកិច្ចធ្វើការនាំខ្លួនលោក លី សាម៉េត ទៅមណ្ឌលអប់រំកែប្រែទី១ «ម១» ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ និងឃុំខ្លួនជននេះរហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
សូមជម្រាបថា ត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ ក្រោយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រកាសមិនលើកលែងទោស បើទោះបីលោក លី សាម៉េត វីដេអូទទួលស្គាល់កំហុសក្តី។ ផ្ទុយពីការចេញវីដេអូសុំពន្យាពេលប្រគល់ខ្លួនជូនសមត្ថកិច្ច ក្រោមហេតុផលព្យាបាលជំងឺ លោក លី សាម៉េត ក៏យល់ព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ចខេត្តព្រះសីហនុ ហើយសមត្ថកិច្ចបន្តបញ្ជូនមកសួរចំលើយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលយប់ថ្ងៃទី៤ ខែវិច្ឆិកាម្សិលមិញ។
នៅព្រឹកថ្ងៃទី៥នេះ វេលាម៉ោង ១០ព្រឹក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជូនលោក លី សាម៉េត មកកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ហើយនៅល្ងាចថ្ងៃដដែលនេះ តុលាការសម្រេចឃុំខ្លួនលោក លី សាម៉េត ដាក់ពន្ធនាគារនៅមណ្ឌលអប់រំកែប្រែទី១ «ម១» ក្រោមបទចោទប្រកាន់ពាក់ព័ន្ធរឿងឆបោក៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម