លោក លី សាម៉េត ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ

លោក លី សាម៉េត ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ

អ្នកឧកញ៉ាល្បីឈ្មោះ លី សាម៉េត ហៅគ្រូមា ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ នេះបើតាមមន្រ្តីបូលិសក្រុង។

លោក លី សាម៉េត កាលពីល្ងាចថ្ងៃទី៤ ខែវិច្ឆិកា បានចូលទៅសារភាពចំពោះមុខស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយស្នងការបានបញ្ជូនបន្តមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នៅយប់ថ្ងៃទី៤ម្សិលមិញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សួរចម្លើយលោក លី សាម៉េត ដោយផ្ទាល់។

តាមដានជាមួយយើង៖ Million Times

នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី៥នេះ ស្នងការរាជធានីភ្នំពេញ បានបញ្ជូនលោក លី សាម៉េត មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្នុងសំណុំរឿងជាច្រើនករណី ក្រោយបុគ្គលរូបនេះយកឈ្មោះសម្តេច ហ៊ុន សែន ដើរបោកប្រាស់លុយប្រជាពលរដ្ឋអស់ជាច្រើនលានដុល្លារនាពេលកន្លងទៅ។

តាមរយៈសំណេរលើបណ្តាញសង្គម សម្តេច ហ៊ុន សែន បង្ហាញក្តីសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យលោក លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ បើទោះបីបានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួនឱ្យតុលាការកាត់ទោស។ សម្តេចបានអះអាងថា មិនអាចឲ្យលោក លី សាម៉េត ធ្វើបែបនេះបានឡើយ នគរបាលយុត្តិធម៌ត្រូវតែនាំខ្លួនលោកបញ្ជូនទៅតុលាការតាមនីតិវិធី។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លោក លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។ ចំណែកជំនួយការសម្តេចម្នាក់ទៀត ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោសដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះហើយ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម