នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្នុងព្រះរាជពិធីគម្រប់ខួប ២០ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គទ្រង់ពេញព្រះរាជហឫទ័យចំពោះការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបន្តនូវយុទ្ធសាស្ត្របញ្ចកោណ គោលនយោបាយដ៏ត្រឹមត្រូវ និងមរតកនយោបាយរបស់សម្តេច ហ៊ុន សែន។
ព្រះមហាក្សត្រ មានព្រះរាជបន្ទូលបញ្ជាក់នៅក្នុងរយៈពេលកន្លងមក មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋមានការប្រែប្រួលមុខមាត់ថ្មីគួរឱ្យកោតសរសើរ សម្តេច ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឆ្លាតវៃ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយដ៏ត្រឹមត្រូវ ក្នុងការប្រតិបត្តិតាមមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លា របស់សម្តេច ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ កិត្យានុភាពជាតិ ល្បីរន្ទឺលើឆាកអន្តរជាតិ ស្របតាមគោលមាគ៌ា បង្រួបបម្រួមជាតិ ផ្សះផ្សាជាតិ ពីព្រះរាជបណ្តាំបន្ថែមចុងក្រោយ របស់ព្រះករុណា ព្រះបរមរតនកោដ្ឋនៅក្នុងឆ្នាំ២០១១។
ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលថា៖ «យើងកំពុងតែសប្បាយរីករាយ និងទទួលផលជាវិជ្ជមាន ដោយផ្តើមចេញពីកម្លាំងកសាង និងការពារជាតិ មាតុភូមិ ប្រកបដោយសុខដុមរមនា របស់ជនរួមជាតិយើង»។ ក្នុងឱកាសនោះ ទ្រង់មានព្រះរាជបន្ទូលអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា គ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីរួមចំណែកការពារ និងកសាងមាតុភូមិ លើគ្រប់វិស័យ។ មហាសាមគ្គីជាតិទាំងមូលនេះ ជាមូលដ្ឋានធ្វើឱ្យស្ថានភាពសង្គមជាតិ មានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាប្រភពកំណត់នូវការអភិវឌ្ឍលើវិស័យនានា ជាពិសេសវិស័យសេដ្ឋកិច្ចដែលជាដង្ហើមរបស់ជាតិយើង។
ព្រះករុណា ព្រះអង្គមានព្រះបន្ទូលគូសបញ្ជាក់ពីសមិទ្ធផលដ៏ធំធេងទាំងឡាយដែលសម្រេចបាននេះ ពិតជាបានមកតាមរយៈការខិតខំពង្រីកនូវវប្បធម៌សុខសន្តិភាព ការផ្សះផ្សារបង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោពសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការការពារសន្តិសុខ សុវត្ថិភាព ស្ថេរភាព និងសណ្តាប់ធ្នាប់សង្គម ការកែលម្អអភិបាលកិច្ច ដើម្បីលើកស្ទួយវិស័យសារធារណៈ និងសមធម៌សង្គម ការលើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីបម្រើសំណូមពរនៃការអភិវឌ្ឍជាតិ។
ជាមួយគ្នានេះ ទ្រង់បង្ហាញមោទនភាពយ៉ាងក្រៃលែងដែលបានឃើញប្រជារាស្រ្តទទួលបានសេចក្តីសុខ និងប្រទេសជាតិបោះជំហានទៅរកការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។ ព្រះអង្គបានបង្ហាញមោទនភាពយ៉ាងក្រៃលែង ដែលបានឃើញសភាការណ៍នៅម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ ប្រជារាស្រ្តទទួលបានសេចក្តីសុខ និងកំពុងបន្តបោះជំហានទៅរកការអភិឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ។
ព្រះមហាក្សត្រ ព្រះរាជបន្ទូលគូសបញ្ជាក់បន្ថែមថា នេះជាមោទនភាពរបស់កម្ពុជា ដែលផ្តើមចេញពីការខិតខំបំពេញភារកិច្ចទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ គ្រប់ស្ថាប័នជាតិ គ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងប្រជារាស្រ្តគ្រប់បណ្តាខេត្ត-រាជធានី ចំពោះជោគវាសនារបស់ប្រទេសជាតិ និងអនាគតដ៏រុងរឿងនៃប្រជារាស្រ្តរបស់យើង៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ និងសម្តេចធិបតី