ក្រុមហ៊ុនស្វីសជាច្រើន កំពុងសម្រុកវិនិយោគនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច (TEPA) រវាងរដ្ឋាភិបាលឥណ្ឌា ជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) តម្លៃ ១០០ពាន់លានដុល្លារ បានធ្វើឡើង និងចុះហត្ថលេខាកាលពីខែមីនា។


សារព័ត៌មាន Reuters បានចុះផ្សាយថា ក្រោមកិច្ចព្រមព្រៀងមួយនេះ សមាជិក EFTA ដែលមានដូចជា ប្រទេសស្វីស ន័រវែស អ៊ីស្លង់ និង Liechtenstein សន្យាចាយលុយ ១០០ពាន់លានដុល្លារ វិនិយោគនៅប្រទេសឥណ្ឌា ដោយទទួលបាននូវការលើកទឹកចិត្តដូចជា ការបន្ធូរបន្ថយពន្ធ និងជួយសម្របសម្រួល ក្នុងការជ្រៀតចូលទីផ្សារនៃប្រទេសមានប្រជាជន ១,៤ពាន់លាននាក់។
ដ្បិតបច្ចុប្បន្នកិច្ចព្រមព្រៀង TEPA នៅមិនទាន់ចូលជាធរមាន និងមានក្ដីរំពឹងថា កតិកាសញ្ញានេះ នឹងមានប្រសិទ្ធភាពនាចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ តែរដ្ឋាភិបាលស្វីស បានលើកទឹកចិត្តឲ្យក្រុមវិនិយោគិនបន្តចាយលុយ វិនិយោគនៅប្រទេសឥណ្ឌា ជាមួយក្ដីសង្ឃឹមថា កិច្ចព្រមព្រៀង TEPA នឹងជួយជំរុញដល់ការវិនិយោគ និងពាណិជ្ជកម្ម រវាងប្រទេសទាំង២ កាន់តែប្រសើរជាងមុន។
រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Guy Parmelin បានមានប្រសាសន៍ថា កិច្ចព្រមព្រៀង TEPA នឹងកាត់បន្ថយពន្ធនាំចេញទំនិញពី ២២% មកនៅត្រឹម ០% សម្រាប់ទំនិញនាំចេញប្រហែល ៩៤,៧% ដែលធ្វើឲ្យក្រុមហ៊ុនស្វីសជាច្រើន កាន់តែទទួលបានផលចំណេញខ្លាំងជាងមុន នៅពេលចេញជាធរមាន។

សភាពាណិជ្ជកម្មស្វីស-ឥណ្ឌា លោក Philippe Reich បានឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនស្វីស ប្រហែល ៣៥០ កំពុងធ្វើប្រតិបត្តិការនៅប្រទេសឥណ្ឌា ស្របពេលក្រុមហ៊ុនជាច្រើនទៀត នឹងបង្ហាញវត្តមានតាមក្រោយ។
រដ្ឋាភិបាលឥណ្ឌា ក៏សង្ឃឹមទទួលបានផលប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀង TEPA ផងដែរ ដោយរំពឹងបង្កើតឱកាសការងារបានរហូតដល់ ១លានកន្លែង និងបង្កើនការវិនិយោគពីបរទេសកាន់តែច្រើន ក៏ដូចជាជំរុញការនាំចេញឱសថ សម្លៀកបំពាក់ និងគ្រឿងម៉ាស៊ីន ទៅកាន់តំបន់អឺរ៉ុបថែមទៀត៕