ព្រែកជីកប៉ាណាម៉ារកបានប្រាក់ចំណេញប្រចាំឆ្នាំសារពើព័ន្ធ ដែលបញ្ចប់ក្នុងខែកញ្ញា ប្រមាណ ៣,៤៥ពាន់លានដុល្លារ កើនឡើង ៩,៥% បើធៀបនឹងឆ្នាំមុន។
សារព័ត៌មាន Reuters ចុះផ្សាយថា ដោយសារជួបបញ្ហាគ្រោះរាំងស្ងួតខ្លាំងក្លា ព្រែកជីកប៉ាណាម៉ាបានកំណត់ចំនួននាវាដឹកទំនិញ ឆ្លងកាត់ព្រែកជីកមួយនេះ ពី៣៦គ្រឿង មកនៅត្រឹម ២៧គ្រឿងក្នុងមួយថ្ងៃ ក៏ប៉ុន្តែប្រាក់ចំណូលមិនបានថមថយទៅតាមនោះឡើយ។
ដើម្បីប៉ះប៉ូវដល់ការកាត់បន្ថយចំនួននាវា ព្រែកជីកប៉ាណាម៉ាបានអនុញ្ញាតឲ្យនាវាទាំងអស់ អាចផ្ទុកទំនិញដល់ចំនួនអតិបរមាបាន និងកាត់បន្ថយថ្លៃប្រតិបត្តិការរបស់នាវាទាំងអស់ប្រមាណ ៥% ថែមទៀត។
ក្រោយចេញវិធានការលើកទឹកចិត្តបែបនេះ ប្រតិបត្តិការនៅព្រែកជីកប៉ាណាម៉ា មានកំណើនប្រសើរជាខ្លាំង ពោលចរាចរណ៍ផ្លូវទឹកនៅទីនោះមមាញឹករាល់ថ្ងៃ បើទោះជាមានបញ្ហាគ្រោះរាំងស្ងួតក៏ដោយ។
សូមជម្រាបដែរថា ព្រែកជីកប៉ាណាម៉ា គឺជាព្រែកជីកសិប្បនិម្មិតនៅទ្វីបអាមេរិកកណ្ដាលដែលតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិក មានរយៈចំងាយ ៨០គីឡូម៉ែត្រ។ ព្រែកជីកនេះ មានសារៈសំខាន់ណាស់ ក្នុងការធ្វើពាណិជ្ជកម្មលើផ្លូវទឹក ដ្បិតវាអនុញ្ញាតឱ្យកប៉ាល់ជៀសវាងការធ្វើដំណើរដ៏វែងឆ្ងាយ និងគ្រោះថ្នាក់នៅជុំវិញតំបន់ Cape Horn នៅចុងខាងត្បូងនៃអាមេរិកខាងត្បូង៕
អត្ថបទ៖ Luffy រូបភាព៖ Dry Cargo International