ប្រធានាធិបតីចិនលោក Xi Jinping និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រើប្រាស់កិច្ចប្រជុំកំពូល BRICS នៅប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ ដើម្បីបង្ហាញពីមហិច្ឆតាសម្រាប់ទំនាក់ទំនងកាន់តែចុះសម្រុងគ្នារវាងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក បន្ទាប់ពីមានជម្លោះជាច្រើនឆ្នាំ។
ជំនួបរវាងលោក Xi និងលោក Modi ក្រោយខកខានពិភាក្សាជាផ្លូវការអស់រយៈពេល ៥ឆ្នាំ គឺជាចំណុចសំខាន់មួយនៃកិច្ចប្រជុំកំពូលដែលប្រធានាធិបតី Vladimir Putin ព្យាយាមប្រើដើម្បីបង្ហាញថា លោកខាងលិចបានបរាជ័យក្នុងការធ្វើឱ្យរុស្ស៊ីឯកោពីសង្គ្រាមអ៊ុយក្រែន។
ត្រឹមតែពីរថ្ងៃបន្ទាប់ពីទីក្រុងញូវដេលីបានប្រកាសថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងប៉េកាំង ដើម្បីដោះស្រាយជម្លោះយោធាអស់រយៈពេល ៥ឆ្នាំនៅព្រំដែនហិម៉ាឡៃយ៉ានដែលមានជម្លោះ លោក Xi បានប្រាប់លោក Modi ថា គួរតែបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងភាពខុសគ្នាប្រកបដោយប្រសិទ្ធភាព។
យោងតាមទូរទស្សន៍រដ្ឋចិន CCTV លោក Xi បាននិយាយថា “វាគឺជាផលប្រយោជន៍ជាមូលដ្ឋាននៃប្រទេស និងប្រជាជនទាំងពីរក្នុងការយល់ឱ្យបានត្រឹមត្រូវនូវនិន្នាការនៃប្រវត្តិសាស្រ្ត និងទិសដៅនៃការអភិវឌ្ឍន៍ទំនាក់ទំនង” ។
ជាការឆ្លើយតប លោក Modi បានប្រាប់លោក Xi ថា ការរក្សាសន្តិភាព និងស្ថិរភាពនៅលើព្រំដែនគួរតែជាអាទិភាព ហើយការជឿទុកចិត្តគ្នាទៅវិញទៅមក ការគោរព និងភាពរសើបគួរតែជាមូលដ្ឋាននៃទំនាក់ទំនង។ លោក Modi ធ្វើការអត្ថាធិប្បាយដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ Doordarshan របស់ប្រទេសឥណ្ឌា និយាយ៖ “យើងស្វាគមន៍កិច្ចព្រមព្រៀងលើបញ្ហាដែលបានកើតឡើងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ”៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ REUTERS