តុលាការនៃប្រទេសប៉េរូ បានសម្រេចផ្ដន្ទាទោសអតីតប្រធានាធិបតី Alejandro Toledo ឲ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំកន្លះ បន្ទាប់ពីរកឃើញថា រូបលោកបានជាប់ពាក់ព័ន្ធនឹងករណីស៊ីសំណូកសូកប៉ាន់។
តាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា តុលាការបានរកឃើញថា លោក Toledo បានទទួលទឹកប្រាក់ប្រមាណ ៣៥លានដុល្លារ ពីក្រុមហ៊ុន Odebrecht SA លើគម្រោងសាងសង់ផ្លូវល្បឿនលឿនមួយខ្សែ ដែលត្រូវចំណាយថវិកាត្រឹម ២០លានដុល្លារប៉ុណ្ណោះ។
លោក Toledo បានក្លាយជាអតីតប្រធានាធិបតីប៉េរូទី២ ដែលទទួលទោសជាឧក្រិដ្ឋជន បន្ទាប់ពីលោក Alberto Fujimori នៅក្នុងសតវត្សទី២០នេះ ហើយបច្ចុប្បន្នលោកក៏បានប្ដឹងឧទ្ធរណ៍ ចំពោះការសម្រេចរបស់តុលាការ ដោយប្រកាន់ជំហរថា រូបលោកស្អាតស្អំ មិនដូចការចោទប្រកាន់ឡើយ។
សូមជម្រាបដែរថា ប៉ុន្មានឆ្នាំចុងក្រោយ រដ្ឋាភិបាលប៉េរូបានរឹតបន្តឹងខ្លាំងមែនទែន លើការបង្ក្រាបអំពើពុករលួយនៅក្នុងប្រទេស និងទទួលបាននូវរហស្សនាមថាជាប្រទេសមានវិស័យសាធារណៈស្មោះត្រង់បំផុតលើលោកថែមទៀត។
រដ្ឋាភិបាលបានសាងសង់ពន្ធនាគារពិសេសមួយ ទុកសម្រាប់តែដាក់ទោសអតីតមេដឹកនាំពុករលួយប៉ុណ្ណោះ ហើយមកទល់ពេលនេះ ធ្លាប់មានអតីតមេដឹកនាំប៉េរូ ចំនួន ៣រូបហើយ ដែលទទួលបានបទពិសោធន៍ដេកក្នុងគុកពិសេសនោះ ដែលមានដូចជា លោក Ollanta Humala លោក Pedro Pablo Kuczynski និងលោក Alan Garcia ដែលបានសម្លាប់ខ្លួនកាលពីឆ្នាំ២០១៩ ដើម្បីគេចវែសពីការកាត់ទោស៕
អត្ថបទ៖ Luffy រូបភាព៖ Reuters