នាយកប្រតិបត្តិក្រុមហ៊ុន Apple មហាសេដ្ឋី Tim Cook បានធ្វើដំណើរទៅដល់ប្រទេសចិនជាលើកទី២ នៅក្នុងឆ្នាំនេះ ដើម្បីលើកទឹកចិត្តដល់ក្រុមការងារ និងព្យាយាមពង្រីកទីផ្សារលក់ផលិតផលរបស់ខ្លួន។
តាមរយៈការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP បានបង្ហាញថា អត្រាលក់ទូរស័ព្ទ iPhone រយៈពេលប៉ុន្មានត្រីមាសចុងក្រោយនៅប្រទេសចិន មានការធ្លាក់ចុះជាខ្លាំង ដ្បិតក្រុមហ៊ុនគូប្រជែងក្នុងស្រុកដូចជា Huawei និង Xiaomi កំពុងកាន់កាប់ទីផ្សារបានយ៉ាងល្អ។
របាយការណ៍បញ្ចេញដោយក្រុមហ៊ុន Canalys ដែលជាអ្នកតាមដានទីផ្សារ បានឲ្យដឹងថា ក្រុមហ៊ុន Apple បានធ្លាក់កូដខ្លាំងមែនទែននៅចិន ដោយបានរបូតតំណែងពីក្រុមហ៊ុនលក់ទូរស័ព្ទធំបំផុតទី៣ មកនៅលេខរៀងទី០៦ សម្រាប់ត្រីមាសទី០២។
គួរជម្រាបដែរថា លោក Tim Cook បានធ្វើដំណើរទៅកាន់ប្រទេសចិនកាលពីខែមីនាម្ដង នៅពេលលោកចូលរួមវេទិកាសេដ្ឋកិច្ចមួយនៅទីក្រុងប៉េកាំង និងបានទៅសម្ពោធសាខា Apple ថ្មីនៅទីក្រុងសៀងហៃផងដែរ។
អត្ថបទ៖ Luffy រូបភាព៖ Economics Times