អ្នកចម្បាំងចចក Wang Wenbin ចុះពិនិត្យគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតាខ្មៅ

អ្នកចម្បាំងចចក Wang Wenbin ចុះពិនិត្យគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតាខ្មៅ

កាលពីពេលថ្មីៗនេះ អ្នកចម្បាំងចចកលោក Wang Wenbin ​ឯកអគ្គ​រដ្ឋទូត​ចិន​ថ្មីប្រចាំ​ប្រទេស​កម្ពុជា បានដឹកនាំគណៈប្រតិភូពីស្ថានទូតចុះទស្សនកិច្ចវឌ្ឍនភាពនៃអាកាសយានដ្ឋានអន្តរជាតិតេជោ​(TIA) ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។

ការចុះត្រួតពិនិត្យវឌ្ឍននៃការភាពសាងសង់នាពេលនេះ ត្រូវបានស្វាគមន៍និងធ្វើបទបង្ហាញដោយលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល CAIC និងអគ្គនាយកក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក(CAIC) ដែលជាអ្នកទទួលបន្ទុកសាងសង់អាកាសយានដ្ឋានថ្មីនេះ ខណៈអាកាសយានដ្ឋានបានចាប់ផ្តើមធ្វើការការហោះហើរសាកល្បងកាលពីខែកញ្ញាកន្លងទៅដើម្បីធ្វើតេស្តឧបករណ៍បច្ចេកទេស។

តាមដានជាមួយយើង៖ Million Times

បើតាមអ្នកគ្រប់គ្រងគម្រោងសាងសង់បានឲ្យដឹងថា គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៤ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ សម្រេចបានជិត ៨៤% ដោយចំណាយទឹកប្រាក់សរុបអស់ចំនួនប្រមាណ ១២២០លានដុល្លារ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំនេះ ហើយបើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយាន្តដ្ឋាននឹងដាក់សម្ពោធជាផ្លូវការនៅក្នុងពាក់កណ្តាលឆ្នាំ២០២៥ខាងមុខ។

ក្រុមហ៊ុនមេ OCIC បញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ​(TIA) កំពុងស្ថិតក្នុងដំណើរការតភ្ជាប់រវាងប្រទេសកម្ពុជាទៅកាន់សហគមន៍អន្តរជាតិ ដោយបានសហការមួយនឹងដៃគូអន្តរជាតិដូចជា Changi Airport International, Heerim Architects & Planners Co., Ltd, និង Lagardère Travel Retail ជាមួយនឹងការរចនាដោយ Foster + Partners។

គួរឲ្យដឹងដែរថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមទឹកប្រាក់វិនិយោគ ១៥០០ លានដុល្លារ ជាគម្រោងចម្រុះរដ្ឋ និងឯកជន ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានភាគហ៊ុនវិនិយោគ១០% នៅក្នុងភាគហ៊ុន ១០០%។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ OCIC