ប្រទេសរុស្ស៊ី កំពុងត្រៀមខ្លួនក្លាយជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលដ៏ធំជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន គឺកិច្ចប្រជុំកំពូល BRICS នាថ្ងៃអង្គារ៍ ទី២២ ខែតុលាខាងមុខ។
ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា ក្នុងកិច្ចប្រជុំដែលនឹងធ្វើឡើងនៅទីក្រុង Kazan ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងជួបជាមួយសម្ព័ន្ធមិត្តត្បូងពេជ្រ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian។
កិច្ចប្រជុំកំពូល BRICS សារនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញមហាអំណាចលោកខាងលិច អំពីជំហរដ៏រឹងមាំរបស់រុស្ស៊ី និងចង់បញ្ជាក់ឲ្យឃើញថា បើទោះជាលោកខាងលិចព្យាយាមគាបសង្កត់ខ្លាំងប៉ុណ្ណា ក៏រុស្ស៊ីមានផ្លូវច្រើនក្នុងការធ្វើពាណិជ្ជកម្ម មិនងាប់ក្រឡាជាមួយអឺរ៉ុប និងលោកខាងលិចឡើយ។
អង្គការអន្តររដ្ឋាភិបាល BRICS ដែលមានសមាជិកគោលដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអារ៉ាប់រួម ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ តួយ៉ាងប្រទេសតួកគី និងម៉ាឡេស៊ី បានដាក់សំណើសុំចូលជាសមាជិកអចិន្ត្រៃយ៍ជាផ្លូវការកាលពីប៉ុន្មានខែមុន។
ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ីលើបញ្ហាគោលនយោបាយការបរទេស លោក Yuri Ushakov បានមានប្រសាសន៍ថា ប្រទេសចំនួន ៣២ បានបញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូលមួយនេះ ហើយក្នុងនោះ មេដឹកនាំច្រើនជាង ២០ប្រទេស នឹងចូលរួមដោយផ្ទាល់។
អតីតឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិករូបនេះ បញ្ជាក់ទៀតថា លោក ពូទីន នឹងមានកិច្ចប្រជុំទ្វេភាគីប្រហែល ២០ និងបានចាត់ទុកកិច្ចប្រជុំមួយនេះ ជាព្រឹត្តិការណ៍គោលនយោបាយការបរទេសធំបំផុត ត្រូវបានធ្វើឡើងនៅលើទឹកដីរុស្ស៊ីថែមទៀត៕
អត្ថបទ៖ Luffy រូបភាព៖ BRICS