ជំនួបមេដឹកនាំរដ្ឋសភាទាំង៣ មិនបន្តជជែករឿង CLV-DTA តែរំលេចពីផលប្រយោជន៍ប្រជាជនជាស្នូល

ជំនួបមេដឹកនាំរដ្ឋសភាទាំង៣ មិនបន្តជជែករឿង CLV-DTA តែរំលេចពីផលប្រយោជន៍ប្រជាជនជាស្នូល

ប្រធានរដ្ឋសភាកម្ពុជា លោកស្រី ឃួន សុដារី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​ និងជាមិត្តភាពជាប្រពៃណី ជាទ្រព្យសម្បត្តិដ៏មានតម្លៃ​ និងជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ហើយបានផ្តល់ជាលទ្ធផលជាវិជ្ជមានដល់ប្រជាជាតិ និងប្រជាជនទាំងបី និងក្នុងតំបន់។

ក្នុងពេលទទួលទានអាហារព្រឹក ពិភាក្សាការងារក្រៅផ្លូវការរវាងប្រធានរដ្ឋសភាកម្ពុជា ប្រធានរដ្ឋសភាឡាវ និងវៀតណាម ក្នុងឱកាសចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥​ នៅទីក្រុងវៀងច័ន្ទន៍ ថ្នាក់ដឹកនាំនៃរដ្ឋសភាប្រទេសទាំង៣ បានប្តេជ្ញាចិត្តរួមគ្នាបន្តពូនជ្រំ​ និងពង្រឹងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងនេះ ដោយយកប្រជាជនជាស្នូល។

តាមដានជាមួយយើង៖ Million Times

ជាការកត់សម្គាល់ ក្នុងជំនួបត្រីភាគីនោះ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំង៣ មិនបានជជែកពីរឿងដែលកម្ពុជាដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ CLV-DTA នោះទេ ខណៈពេលថ្មីៗមេដឹកនាំកម្ពុជា ក៏បានព្យល់ផ្ទាល់មាត់អំពី CLV-DTA ដល់មេដឹកនាំឡាវ និងវៀតណាម ហើយភាគីទាំងពីរសុទ្ធតែយល់អំពីការដកខ្លួនរបស់កម្ពុជា។ ការលើកឡើងបែបនេះ ធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឡាវពេលកន្លងទៅ ក្នុងជំនួបទទួលទានអាហារពេលព្រឹករួមគ្នា។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាជាតិ កិច្ចសហប្រតិបត្តិការប្រទេសទាំង៣ មិនត្រឹមផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា ឡាវ​ និងវៀតណាមប៉ុណ្ណោះទេ តែជាការសំខាន់នៅក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម​ និងការលើកកម្ពស់ពហុភាគីនិយម នៅក្នុងបរិបទសកលលោកកំពុងប្រឈមនឹងស្ថានការណ៍ដ៏ស្មុគស្មាញ ប្រែប្រួលយ៉ាងឆាប់រហ័ស សណ្តាប់ធ្នាប់សកលបានធ្លាក់ចុះ សង្រ្គាមបានផ្ទុះឡើងជាបន្តបន្ទាប់នោះ។

ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំង៣ ក៏បានជជែកគ្នាពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខ ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន វិស័យពាណិជ្ជកម្ម និងនីតិវីធីសម្រួលទំនិញឆ្លងកាត់ព្រំដែននៃប្រទេសទាំង៣ ឱ្យបានកាន់តែល្អឡើងថែមទៀត។

ដោយឡែកក្នុងវិស័យទេសចរណ៍ ក៏បានប្តេជ្ញាថានឹងជំរុញអនុវត្ដបន្ថែមទៀតនូវ “ប្រទេសបី គោលដៅមួយ” ដើម្បីជួយសម្រួលដល់អ្នកទេសចរអាចធ្វើទេសចរណ៍ជាកញ្ចប់ រវាងទាំងបីប្រទេសបានកាន់តែងាយស្រួល៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋសភា