ក្រុមហ៊ុនសេដ្ឋីខ្មែរម្នាក់ ត្រៀមនាំផលិតផលទៅកាន់ទីផ្សារបោះដុំអឺរ៉ុបឆាប់ៗនេះ

ក្រុមហ៊ុនសេដ្ឋីខ្មែរម្នាក់ ត្រៀមនាំផលិតផលទៅកាន់ទីផ្សារបោះដុំអឺរ៉ុបឆាប់ៗនេះ

ផលិតផលសក្ដានុពលរបស់កម្ពុជាចំនួន ៣មុខតាមរយៈក្រុមហ៊ុនខ្មែរស្និទនឹងជាមួយប្រធានសមាគមឧកញ៉ាកម្ពុជា លោក ហ៊ុន ឡាក់ នឹងនាំចូលទៅទីផ្សារបោះដុំអឺរ៉ុបនាពេលឆាប់ៗខាងមុខហើយ។ នេះបើតាមការឲ្យរបស់ក្រសួងពាណិជ្ជកម្ម។

កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. របស់លោក ហ៊ុន ឡាក់ ដែលកំពុងក្តាប់តំណែងអគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Overenden/Smarteden ដើម្បីនាំចេញផលិតផលចំណីអាហារ និងកសិផលចំនួន ៣មុខ រួមមាន៖ អង្ករ គ្រាប់ស្វាយចន្ទី និងតំណាប់ស្វាយកែវរមៀត ទៅកាន់ទីផ្សារប្រទេសបារាំង និងសហគមន៍អឺរ៉ុប។

តាមដានជាមួយយើង៖ Million Times

ក្នុងជំនួបដាច់ដោយឡែកជាមួយតំណាងក្រុមហ៊ុនទាំងពីរ អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានបង្ហាញនូវការគាំទ្រដល់ក្រុមហ៊ុនដែលបានរៀបចំកិច្ចសហប្រតិបត្តិការធុរកិច្ចថ្មីដោយចាប់យកការនាំចេញផលិតផលចំណីអាហារ និងកសិផលរបស់កម្ពុជា ដូចជាគ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ស្ករត្នោត និងម្រេចជាដើម នាំចេញទៅកាន់ទីផ្សាររបស់ប្រទេសបារាំង និងសហគមន៍អឺរ៉ុប។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានរំពឹងទុកថា កិច្ចសហប្រតិបត្តិការធុរកិច្ចនេះ សម្រេចបានជោគជ័យផ្លែផ្កា ដើម្បីចូលរួមជំរុញការនាំចេញ និងបង្កើនវត្តមានផលិតផល និងកសិផលរបស់កម្ពុជានៅក្នុងទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើន។

បន្ថែមពីនេះ លោកបានលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនពិនិត្យលទ្ធភាពបន្តវិនិយោគលើការកែច្នៃកសិផលផ្សេងៗទៀតដែលមានសក្ដានុពលក្នុងការនាំចេញ ដើម្បីជំរុញបង្កើតការងារក្នុងស្រុក និងប្រើប្រាស់ឱ្យអស់ពីលទ្ធភាពនូវកសិផលដែលកម្ពុជាផលិតបាន៕

អត្ថបទ៖ ផល កុសល រូបភាព៖ CDC