ខេត្តព្រះសីហនុ រៀបចំប្រណាំងរថយន្តលើផ្លូវឧបសគ្គ OFF ROAD អន្តរជាតិរយៈពេល៤ថ្ងៃ

ខេត្តព្រះសីហនុ គ្រោងរៀបចំប្រណាំងរថយន្តលើផ្លូវឧបសគ្គ (OFF ROAD) អន្តរជាតិឆ្នាំ២០២៤ ដើម្បីជំរុញវិស័យទេសចរណ៍ ដោយមានការប្រគុំតន្រ្តីដ៏ធំ និងស្តង់អាហារនាពេលខាងមុខ។ នេះបើតាមកិច្ចប្រជុំរវាងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងគណៈប្រតិភូសហព័ន្ធកីឡាយានយន្តកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។

លោក ឈិន សីហា តំណាងសហព័ន្ធកីឡាយានយន្តកម្ពុជា បានលើកឡើងថា ការរៀបចំការប្រណាំងរថយន្តលើផ្លូវឧបសគ្គ (OFF ROAD) អន្តរជាតិ ២០២៤ នៅលើទឹកដីនៃខេត្តព្រះសីហនុ ដែលជាការកែឆ្នៃនៃការបំពាក់នូវកង់ធំៗមកពីបណ្តាក្លឹប និងប្រទេសនានាក្នុងការបង្ហាញសមត្ថភាព និងបច្ចេកទេសបើកបរឆ្លងកាត់ឧបសគ្គវាលភក់ ឆ្លងទឹក ឡើងថ្ម ដើម្បីឱ្យទស្សនិកជនចាប់អារម្មណ៍រំភើប ជក់ចិត្ត និងរីករាយជាមួយការប្រគុំតន្ត្រី កម្មវិធីកម្សាន្ត ព្រមទាំងមានស្តង់តាំងលក់ផលិតផល និងម្ហូបអាហារផ្សេងៗ នាបរិយាកាសក្បែមាត់សមុទ្រ។

តាមដានជាមួយយើង៖ Million Times

លើសពីនេះ ក៏មានកម្មវិធីដង្ហែក្បួនម៉ូតូ និងរថយន្ត(OFF ROAD) អន្តរជាតិ ឆ្លងកាត់ផ្លូវក្នុងទីប្រជុំជនក្រុងព្រះសីហនុ ព្រមទាំងមានការដាក់ស្តង់តាំងបង្ហាញក្រុមរថយន្ត ផលិតផល និងស្តង់លក់ដូរអាហារផ្សេងៗជាមួយកម្មវិធីកម្សាន្តស្ថិតក្នុងទីលានប្រណាំងជិតឆ្នេរអូរត្រេះ។

លោកបញ្ជាក់ថា តាមការគ្រោងទុកការប្រណាំងរថយន្តឧបសគ្គ (OFF ROAD) អន្តរជាតិ ២០២៤ នៅខេត្តព្រះសីហនុ មានរថយន្តចូលរួមប្រណាំងចំនួន ៨០គ្រឿង ក្នុងនោះក៏មានរថយន្តបរទេសចូលរួមប្រណាំងប្រមាណ ១០ភាគរយ ហើយការប្រណាំងរថយន្ត (OFF ROAD) គ្រោងធ្វើនៅលើផ្ទៃដី ២៤ហិកតា នៅជិតឆ្នេរអូត្រេះ។ ទន្ទឹមនឹងនោះ ក៏មានការសម្តែងបច្ចេកទេស CAR DRIFT SHOW នៅកណ្តាលទីក្រុង។ តែយ៉ាងណា លោក ក៏បានបង្ហាញពីក្តីកង្វល់ពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពដែលត្រូវគិតជាចំណុចចំបងផងដែរ។

បើតាមកិច្ចប្រជុំដដែលនេះ ការប្រណាំងរថយន្តឧបសគ្គ OFF ROAD អន្តរជាតិ ២០២៤ មានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមកីឡាករចូលរួមចុះឈ្មោះថ្ងៃទី២៩ ចាប់ផ្តើមដំណើការដង្ហែក្បួន និងរៀបចំព្រឹត្តិការណ៍ប្រណាំង ថ្ងៃទី៣០ ក៏ជាថ្ងៃប្រណាំងផ្តាច់ព្រ័ត្រ និងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ជាថ្ងៃប្រកាសជ័យលាភីពានរង្វាន់។

នៅក្នុងកិច្ចប្រជុំនោះ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានឯកភាពការបង្កើតព្រឹត្តិការណ៍ប្រណាំងរថយន្តឧបសគ្គ OFF ROAD អន្តរជាតិ ២០២៤នៅលើទឹកដីតំបន់ឆ្នេរនៃខេត្តព្រះសីហនុ នាពេលខាងមុខ ព្រោះខេត្តរបស់លោកចង់បានផលិតផល ឬព្រឹត្តិការណ៍ថ្មីៗកើតមាននៅលើទឹកដីតំបន់ឆ្នេរ នៃភាគនារតី នៃកម្ពុជា ដើម្បីជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍នៅខេត្តតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពជា ដើម្បីធ្វើការប្រកួតទទួលបានជោគជ័យតាមការគ្រោងទុក។

ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានធ្វើការណែនាំឱ្យបង្កើតក្រុមការងារដើម្បីពិភាក្សាដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់ ដើម្បីរក្សាសន្តិសុខនៅទីលានប្រណាំងរថយន្ត ការតាំងពិព័រណ៌ ជំរុញការដាក់តាំងផលិតផលរបស់ខេត្ត និងផលិតផលក្នុងស្រុកឱ្យបានច្រើន៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ