វិស័យអាកាសចរណ៍នៅប្រទេសឥណ្ឌា កំពុងមានទីផ្សារយ៉ាងល្អ ហើយដើម្បីពង្រីកវិសាលភាពឲ្យកាន់តែខ្លាំងបន្ថែម ទឹកប្រាក់ច្រើនជាង ១៧០ពាន់លានដុល្លារ ចាំបាច់ត្រូវចំណាយ រហូតដល់ឆ្នាំ២០៣០។
តាមរយៈការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ទឹកប្រាក់ទាំងនោះ នឹងត្រូវយកមកអភិវឌ្ឍន៍បន្ថែមនូវការពង្រីកប្រលានយន្តហោះ និងការទិញយន្តហោះបន្ថែម ដ្បិតអាកាសចរណ៍នៅឥណ្ឌា កំពុងមានសន្ទុះយ៉ាងខ្លាំង។
ក្រុមហ៊ុនហិរញ្ញវត្ថុ និងធានារ៉ាប់រងអាមេរិក S&P Global Ratings បានព្យាករថា ទឹកប្រាក់ ១៥០ពាន់លានដុល្លារ នឹងត្រូវយកទៅទិញយន្តហោះថ្មីៗ ១ ៧០០គ្រឿង ខណៈ ២៤ពាន់លានដុល្លារទៀត នឹងយកទៅបង្កើតប្រលានយន្តហោះថ្មី និងពង្រីកប្រលានយន្តហោះ ដែលមានស្រាប់។
ទន្ទឹមនឹងនោះ រដ្ឋាភិបាលក៏បានបញ្ចេញនូវទិន្នន័យអះអាងថា ឥណ្ឌាកំពុងមានទីផ្សារអាកាសចរណ៍ ដ៏លឿនបំផុតមួយលើលោក ទាំងការហោះហើរក្នុងស្រុក និងក្រៅប្រទេស ដោយមានក្ដីរំពឹងថា ត្រឹមឆ្នាំ២០៣០ ឥណ្ឌានឹងសម្រេចបាននូវការហោះហើរក្នុងស្រុកចំនួន ៣០០លានដង ខណៈការហោះហើរក្រៅប្រទេស នឹងមានចំនួនច្រើនជាងនេះទ្វេដង៕
អត្ថបទ៖ Luffy រូបភាព៖ Logistics Insider