កាលពីមួយរយៈមុន សម្ដេច ហ៊ុន សែន ធ្លាប់បង្ហោះទាក់ទិននឹងគម្រោងពិធីបុណ្យកឋិនទាន ដើម្បីដង្ហែទៅវត្តខ្មែរ ដែលស្ថិតនៅដែនដីកម្ពុជាក្រោម។
សម្រាប់អ្នកផ្ដើមបុណ្យនៃកម្មវិធីដែលនឹងខិតជិតមកដល់មួយនេះ សុទ្ធតែមានឋានៈមុខមាត់ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃជួររាជរដ្ឋាភិបាលតែម្ដង។ រាយនាមឈ្មោះអ្នកផ្ដើមបុណ្យមានរហូតទៅដល់ ៧១ រូបឯណោះ។
សម្រាប់ថ្ងៃកម្មវិធីបុណ្យប្រារព្ធឡើងនៅថ្ងៃអាទិត្យទី ៣ កើតខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវជាថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយពុទ្ធបរិស័ទត្រូវជួបជុំគ្នានៅវិមាន ៧ មករា មហាវិធីព្រះនរោត្តម ភូមិ ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ព្រឹកថ្ងៃចន្ទ ៤ កើតខែកត្តិក ឆ្នាំរោង ឆស័យ ព.ស. ២៥៦៨ ត្រូវជាថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ម៉ោង ៥ ព្រឹក ជួបជុំព្រះសង្ឃ និងពុទ្ធបរិស័ទនៅវិមាន ៧ មករា រាជធានីភ្នំពេញ រៀបចំ ក្បួនដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ពីព្រះរាជណាចក្រកម្ពុជា ឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ (ព្រះត្រពាំង) ប្រទេសវៀតណាម។
ព្រឹកថ្ងៃអង្គា ៥ កើតខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ត្រូវជាថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ៦ ព្រឹក ប្រគេនយាគូព្រះសង្ឃ រៀបចំពិធីដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរ ប្រទក្សិណជុំវិញព្រះវិហារ ៣ ជុំ រួចវេរប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ ហើយពេលរសៀលគណៈប្រតិភូអញ្ជើញមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញ៕