ប្រមុខដឹកនាំកម្ពុជា ឡាវ និងវៀតណាម បានចូលរួមពិសារអាហារពេលព្រឹកការងារជាមួយនាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ស្ថិតនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
ប្រមុខរដ្ឋាភិបាលទាំងបីបានចែករំលែកបទពិសោធន៍អំពីការអភិវឌ្ឍប្រទេសរៀងៗខ្លួន និងគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តការជួបប្រាស្រ័យទាក់ទងគ្នា ក៏ដូចជាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យលើគ្រប់វិស័យ។
លោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី១១ ខែតុលាម្សិលមិញ បានលើកឡើងថា ក្នុងជំនួបនេះ សម្តេច ហ៊ុន ម៉ាណែត បានពន្យល់ផ្ទាល់មាត់អំពី CLV-DTA ដល់មេដឹកនាំឡាវ និងវៀតណាម ហើយភាគីទាំងពីរសុទ្ធតែយល់អំពីការដកខ្លួនរបស់កម្ពុជា។
ក្នុងសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសឡាវរបស់នាយករដ្ឋមន្ត្រីកម្ពុជា គូសបញ្ជាក់ថា CLV-DTA បានបញ្ចប់ជាស្ថាពរ តាំងពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយពីសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេច ហ៊ុន ម៉ាណែត សម្រេចចិត្ដដកកម្ពុជា ចេញពីកិច្ចសហប្រតិបត្ដិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។
ក្នុងជំនួបទទួលទាន អាហារពេលព្រឹករួមគ្នារវាងនាយករដ្ឋមន្ដ្រីនៃប្រទេសទាំងបី លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានគូសបញ្ជាក់បន្ថែមថា ទាំងភាគីវៀតណាម ទាំងភាគីឡាវ សុទ្ធតែយល់ពីមូលហេតុ ដែលបានជំរុញឲ្យកម្ពុជាដកខ្លួន ចេញពី CLV-DTA៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី