សាស្ត្រាចារ្យ និងជាអ្នកនិពន្ធសៀវភៅពិធីការជាតិ-អន្តរជាតិបណ្ឌិត អ៊ិន សុផល ផ្ដល់យោបល់បែបនេះ សម្រាប់រឿងជំនួញ Miss Grand

សាស្ត្រាចារ្យ និងជាអ្នកនិពន្ធសៀវភៅពិធីការជាតិ-អន្តរជាតិបណ្ឌិត អ៊ិន សុផល ផ្ដល់យោបល់បែបនេះ សម្រាប់រឿងជំនួញ Miss Grand

បើ​ទោះ​ជា​បញ្ហា​រឿង​រវាង​ស្ថាប័ន MGI និង​ក្រុមហ៊ុន HK7 របស់​អ្នកស្រី អ៊ឹម សុគន្ធា បាន​កន្លង​ទៅ​ជិត ១ សប្ដាហ៍​ហើយ​ក៏​ពិតមែន តែ​កម្ដៅ​នៃ​ជម្លោះ​មួយ​នោះ​មិន​បាន​ថមថយ​ឡើយ បែរជា​កាន់តែ​ខ្លាំង​ឡើង​ៗ​មិន​ឈប់ ហើយ​​ភាគី​ទាំង​សងខាង​បាន​ចេញមុខ​មក​ធ្វើ​សន្និសីទកាសែត​រៀង​ខ្លួន​ទៀតផង។

ក្រោយ​ស្ដាប់​ការ Live ដឹងពី​ដំណើរ​ដើមទង​រឿងរ៉ាវ​អ្នកស្រី អ៊ឹម សុគន្ធា ធ្វើឲ្យ​សាស្ត្រាចារ្យ និង​ជា​អ្នក​និពន្ធ​សៀវភៅ​ពិធីការ​ជាតិ-អន្តរជាតិ​បណ្ឌិត​លោក អ៊ិន សុផល បាន​បញ្ចេញមតិ​យោបល់​ផ្នែក​ជំនួញ​ទាក់ទង​រឿង Miss Grand ដ៏​កក្រើក។

តាមដានជាមួយយើង៖ Million Times

លោក អ៊ិន សុផល បាន​ស្នើ​ខ្លួន​បង្រៀន​ពី​ពិធីការ​មួយ​ចំនួន ដើម្បី​ជា​ចំណេះដឹង​ខ្លះ​ៗ ក្រោយ​ម្ចាស់​ក្រុមហ៊ុន HK7 ត្រូវ​ម្ចាស់​ស្ថាប័ន Miss Grand លោក Nawat ក្រឡុក ពេល​អ្នក​ស្រី​ធ្វើ​ជា​សហ​ម្ចាស់ផ្ទះ​រៀបចំ Miss Grand International 2024។

សាស្ត្រាចារ្យ​រូប​នេះ​បាន​សរសេរ​រៀបរាប់​លើ​បណ្ដាញ​សង្គម​ថា បើ​ត្រូវ​ការ​ចំណេះដឹង​ផ្នែក​ពិធី​ការ លោក​សុខចិត្ត​ទៅ​បង្រៀន​ដល់​ក្រុមហ៊ុន​នេះ​ដោយ​​ឥតគិតថ្លៃ ក្នុង​នាម​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ ស្រឡាញ់​ខ្មែរ។

លោក​ថា “ជា​ទូទៅ​ខ្ញុំ​មិន​សូវ​និយាយ​ពាក់ព័ន្ធ​ខាង​សិល្បៈ​ទេ តែ​ឃើញ​ផ្ទះ​លេខ២ វា​ក្រឡុក​ក្មួយ​ៗ​ខ្លាំង​ពេក ទើប​ចេញ​អត្ថបទ ចែករំលែក​ចំណេះដឹង​ខាង​ពិធីការ​នេះ។ តាម​ខ្ញុំ​មើល​សន្និសីទកាសែត​របស់​ក្មួយ​ៗ ឃើញ​ថា​នៅ​ខ្វះខាត​ខាង​ពិធីការ​ច្រើន ទើប​ធ្វើឲ្យ​ភាគី​ម្ខាង​ទៀត ក្រឡុក​បាន​ស្រេច​ចិត្ត៖

១. បើ​មាន​កម្មវិធី​តូច​ក្ដី ធំ​ក្ដី ត្រូវ​បង្កើត​ក្រុម​ការងារ​មួយ​ក្រុម​ហៅ​ថា​ក្រុម​នាំមុខ (Advance Team) ដើម្បី​ប្រជុំ​ពិភាក្សា​លម្អិត​លើ​ដំណើរការ​កម្មវិធី​ទាំងមូល ដែល​ភាគី​ម្ចាស់​ផ្ទះ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង មិន​ឲ្យ​ភាគី​ម្ខាង​ទៀត​លូក​ដៃ​ទេ!

២. Hospitality & Accommodations: ពិធី​ទទួល​បដិសណ្ឋារកិច្ច និង​ការ​រៀបចំ​កន្លែង​ស្នាក់​នៅ មធ្យោបាយ​ដឹកជញ្ជូន ឆាក​សម្ដែង ទីកន្លែង​ដែល​ត្រូវ​សម្ដែង…។

៣.កំណត់​កម្មវិធី និង​ពេល​វេលា​ច្បាស់លាស់ រួច​ភាគី​ទាំងពីរ ត្រូវ​ចុះ​ហត្ថលេខា​លើ​របាយការណ៍​នៃ​កិច្ច​ប្រជុំ​ពិភាក្សា​នេះ បើ​មាន​សំណើ​ពី​ភាគី​ណា​មួយ​ចង់​ផ្លាស់ប្ដូរ ត្រូវ​ធ្វើ​លិខិត​ជា​លាយលក្ខណ៍​អក្សរ​ត្រឹមត្រូវ ច្បាស់លាស់​ឲ្យ​បាន​មុន​ថ្ងៃ​បើក​កម្មវិធី។

៤.នៅ​ពេល​គណៈប្រតិភូ​មក​ដល់ យើង​ត្រូវ​អនុវត្ត​ទៅ​តាម​កម្មវិធី និង​ពេល​វេលា​របស់​យើង មិន​អាច​ផ្លាស់ប្ដូរ​តាម​ចិត្ត​បាន​នោះ​ទេ បើ​មាន​ភាគី​ណា​មួយ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នេះ ត្រូវ​ទទួល​សំណង​ការ​ខូចខាត និង​ជំងឺ​ចិត្ត ដល់​ភាគី​ម្ខាង​ទៀត។

សូម​សិក្សា​ឈ្វេងយល់​បន្ថែម​ពី​សៀវភៅ​ពិធីការ​ជាតិ និង​អន្តរជាតិ ដើម្បី​ជា​ជំនួយ​ស្មារតី ក្នុង​ការ​រៀបចំ​កម្មវិធី​ជាតិ និង​អន្តរជាតិ​”។

នេះ​ជា​ចំណេះដឹង​ថ្មី ដែល​អ្នក​ចង់​ធ្វើ​ជំនួញ​ផ្សេង​ៗ​ទាក់ទង​ការ​រៀបចំ​កម្មវិធី​បែប Miss Grand ឬ​កម្មវិធី​ផ្លូវ​ការ​ដទៃ ត្រូវ​រៀន​សូត្រ ដើម្បី​កុំឲ្យ​មាន​ការ​ខាតបង់​ទាំង​ពេលវេលា និង​ទឹកប្រាក់​ចោល​ឥតអំពើ៕