ធនាគារពិភពលោក គ្រោងនឹងអនុម័តក្របខ័ណ្ឌភាពជាដៃគូសម្រាប់ឆ្នាំ២០២៥-២០២៩ នាពេលខាងមុខនេះ ដែលក្របខ័ណ្ឌថ្មីនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជានាពេលអនាគត។
ក្នុងជំនួបនាល្ងាចថ្ងៃទី៩ ខែតុលាម្សិលមិញជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរដ្ឋធានីវៀងចន្ទន៍ លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានសម្ដែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកការអភិវឌ្ឍមូលធនមនុស្ស ជាគោលនយោបាយគន្លឹះនៃការបង្កើតមូលដ្ឋានដ៏រឹងមាំ សម្រាប់សម្រេចបានចក្ខុវិស័យវែងឆ្ងាយ។
![](https://www.millionstimes.com/wp-content/uploads/2024/04/Telegram-icon.png)
![](https://www.millionstimes.com/wp-content/uploads/2024/10/IMG_4151-1024x682.jpeg)
លោកស្រីបញ្ជាក់ថា ធនាគារពិភពលោក គ្រោងនឹងអនុម័តក្របខ័ណ្ឌភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៩ (CPF 2025-2029) នាពេលខាងមុខនេះ ដែលក្របខ័ណ្ឌថ្មីនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជានាពេលអនាគត។
នៅចំពោះមុខនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចតំបន់ និងពិភពលោក លោកស្រីបានលើកឡើងថា បណ្ដាប្រទេសនៅក្នុងតំបន់គួរតែពង្រឹងនូវឯករាជ្យភាពរបស់ខ្លួន ដោយត្រូវកំណត់ឱ្យបាននូវចលករនៃកំណើនថ្មីៗ សំដៅបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងភាពធន់។
![](https://www.millionstimes.com/wp-content/uploads/2024/10/IMG_4152-1024x682.jpeg)
ជាមួយគ្នានោះ លោកស្រីក៏បានប្រាប់សម្តេច ហ៊ុន ម៉ាណែត ថា ធនាគារពិភពលោកនឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា។
សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីកម្មវិធីនយោបាយជាអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្ដេចបន្ថែមថា កម្ពុជាបាន និងកំពុងសិក្សាអំពីអភិក្រមនៃការពិនិត្យតាមដានថាតើមានយុវជនកម្ពុជាប៉ុន្មានភាគរយដែលគួរបន្តការសិក្សានៅកម្រិតចំណេះដឹងទូទៅ និងថ្នាក់ឧត្តមសិក្សា ហើយមានយុវជនប៉ុន្មានភាគរយ ដែលគួរសិក្សាជំនាញវិជ្ជាជីវៈ ដោយសម្ដេចបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ទន្ទឹមនឹងនេះ សម្ដេចបានគូសបញ្ជាក់ផងដែរថា កម្ពុជាបាននិងកំពុងពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់ខ្លួន បានដាក់ចេញកម្មវិធីនៃការកែទម្រង់ស៊ីជម្រៅ និងបានពង្រឹងវិស័យអាទិភាពនានាឱ្យកាន់តែល្អប្រសើរដើម្បីឱ្យក្លាយជាជន្ទល់ដែលមានភាពរឹងមាំ ក្នុងការទ្រងទ្រង់កំណើនសេដ្ឋកិច្ចជាតិ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី