ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំខាងមុខនេះ ក្រសួងរំកិលមកនៅខែសីហាវិញ ដើម្បីធ្វើយ៉ាងណា កុំឲ្យមានការរងផលប៉ះពាល់ដោយសារអាកាសធាតុមានភ្លៀង និងលិចទឹកនៅមណ្ឌលប្រឡងមួយចំនួន ជាពិសេសនោះ ឱ្យសិស្សមានឱកាសទៅរៀន ឬទទួលអាហារូបករណ៍ទៅរៀននៅបរទេស។
ក្នុងពិធីបើកប្រធានវិញ្ញាសាជានិមិត្តរូប ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី៨នេះ លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ថា៖ «មូលហេតុដែលក្រសួងសម្រេច យកការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិមកដើមខែតុលាវិញ គឺដោយសារតែចង់បង្ខិតការប្រឡងសញ្ញាបត្របាក់ឌុបនេះឲ្យមកដូចដើមវិញ ព្រោះថា កាលពីមុនការប្រឡងប្រព្រឹត្តទៅនៅខែសីហា ពោលនៅពេលមុនជំងឺកូវីដ-១៩ បានវាយប្រហាមកលើកម្ពុជា»។
ជាមួយគ្នានេះ លោកលើកឡើងថា ពេលខ្លះក្រសួងរុញការប្រឡងនេះមកខែមករា ឬខែធ្នូ និងចង់បង្ខិតវាមកដល់ខែសីហា។ លោកថាការធ្វើបែបនេះ គឺដើម្បីឲ្យអ្នកដែលប្រឡងហើយគាត់មានឱកាស ក្នុងការដាក់ពាក្យទៅរៀននៅបរទេស ឬទទួលអាហាររូបករណ៍នៅបរទេស ព្រោះថា នៅប្រទេសគេចប់វិសមកាលនៅខែកញ្ញា ដូច្នេះនៅឆ្នាំនេះ ក្រសួងរុញមកខែតុលា ហើយឆ្នាំខាងមុខ យើងនឹងរំកិលការប្រឡងបាក់ឌុបនេះមកខែសីហាវិញ ដែលនឹងមិនមានការប្រឈមនឹងមានភ្លៀង ឬការលិចទឹកនោះទេ។
បើតាមលោករដ្ឋមន្រ្តី ការប្រឡងបាក់ឌុបឆ្នាំនេះ មានការរងផលប៉ះពាល់ដោយសារទឹកលិច ដូចជា នៅខេត្តកំពង់ចាម ខេត្តសៀមរាប ប៉ុន្តែអាចធ្វើការដោះដូរមណ្ឌលប្រឡងបាន ប៉ុន្តែនៅរាជធានីភ្នំពេញ ក៏មានមណ្ឌលមួយចំនួនទឹកលិចដែរ តែត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បានដោះស្រាយធ្វើដំណើរការប្រឡងបាន។ ចំណែកនៅវិទ្យាល័យចំនួន៣ ក្នុងរាជធានីភ្នំពេញ មានមណ្ឌលប្រឡងលិច ប៉ុន្តែត្រូវបានដោះស្រាយដោយបាន កំណើរការប្រឡងធម្មតា។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៤ ប្រឡងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤។ ដោយឡែកចំពោះដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ សម្រាប់ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងអប់រំ