សម្តេច ហ៊ុន សែន ស្នើឲ្យតុលាការចេញដីការការពារទ្រព្យសម្បត្តិអ្នកឧកញ៉ា លី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោក

សម្តេច ហ៊ុន សែន ស្នើឲ្យតុលាការចេញដីការការពារទ្រព្យសម្បត្តិអ្នកឧកញ៉ា លី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោក

នៅរសៀលថ្ងៃចន្ទនេះ សម្តេច ហ៊ុន សែន បានទម្លាយរឿងលោក លី សាម៉េត ហៅគ្រូមា ប្រើប្រាស់ឈ្មោះសម្តេចដើរបោកប្រាក់ជាច្រើនករណីអស់ច្រើនលានដុល្លារ។ សម្តេចបានស្នើឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការចេញដីការការពារទ្រព្យសម្បត្តិ លោក លី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោក។

សម្តេច ហ៊ុន សែន ទម្លាយថា លោក លី សាម៉េត ហៅគ្រូមា តែងប្រើឈ្មោះសម្តេចដើរបោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនសម្តេចទៀតផង ដោយប្រាប់គេថា ខ្លួនចេញចូលផ្ទះសម្តេចក្នុងពេលណាក៏បាន ក្នុងពេលដែលលោក លី សាម៉េត មិនដឹងថាផ្ទះសម្តេចបែមុខទៅខាងណាផង។

តាមដានជាមួយយើង៖ Million Times

សម្តេចបានបញ្ជាក់ថា ឆ្នាំ២០២២ លោក លី សាម៉េត បោកលុយឈ្មោះ សុខ ឡេង ១០លានដុល្លារថាយកមកឲ្យសម្តេចតែពេល សុខ ឡេង ផ្តាំឲ្យសួរសម្តេចតាមកូនចិញ្ចឹមសម្តេចឈ្មោះ ទ្រី សុខា ទើបសម្តេចដឹងក៏ទាមទារពីលោក លី សាម៉េត ប្រគល់ឲ្យឈ្មោះ សុខ ឡេងវិញទាំងអស់ដោយពេលនោះយកលោក លី សាម៉េត ទៅសួរចម្លើយ និងប្រគល់ទទួលប្រាក់នៅស្នងការនគរបាលក្រុងភ្នំពេញ។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងថា «មុននេះប៉ុន្មានថ្ងៃខ្ញុំបានប្រាប់ទៅបលី សាម៉េត ឲ្យសងលុយទៅ មួង ឃីម ចំនួន២៣មុឺនដុល្លារក្រោយ មួង ឃីម បញ្ជូនសារជាវីដេអូមកខ្ញុំអមដោយសារសម្លេងឆ្លងឆ្លើយគ្នា(បានសងរួចហើយ)។ ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោក កន សុខកាយ អភិបាលក្រុងអរិយក្សត្រថាលី សាម៉េត បានយកប្រាក់ពីគាត់ចំនួន៣០មុឺនដុល្លារដើម្បីរត់ការបានតំណែងជាអភិបាលក្រុងអរិយក្សត្រ»។

សម្តេច ហ៊ុន សែន បានអះអាងថា ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំ ជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ និងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រ សម្តេចធ្លាប់ចុះហត្ថលេខាតែងតាំងនិងតំឡើងស័កមន្ត្រីរាប់មុឺននាក់ទាំងសុីវិល និងកងកម្លាំងប្រដាប់អាវុធ សម្តេចមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយ មិនថាតាមការស្នើសុំ ឬតាមសំណូកណាមួយនោះ

ឡើយ។ ផ្ទុយទៅវិញមន្ត្រីមួយចំនួនទទួលបានការតែងតាំងហើយទទួលបានការជួយពីសម្តេចថែមទៀត ដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ។

បើតាមសម្តេច ករណីលោក លី សាម៉េត អាចនៅមានមនុស្សច្រើនទៀតដែលចាញ់បោកគាត់ក្រោមរូបភាពយកឈ្មោះសម្តេចទៅប្រើ។ ដើម្បីជំរះបញ្ជីមួយនេះតាមរបៀបពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែងសម្តេចសូមស្នើ៖ ១.រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការដើម្បីចេញដីការការពារទ្រព្យសម្បត្តិលោក លី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោក។ ២.អ្នកចាញ់បោកទាំងអស់ដាក់ពាក្យប្តឹងឬទាមទារសំណងទៅកាន់មេធាវីសម្តេចតេជោ។

៣.លោក គី តិច រៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹង និងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។ ៤.ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើលឧកញ៉ា លី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចតេជោ