នាយកដ្ឋានគ្រប់គ្រងព្រែកជីក Suez របស់ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី៦ ខែតុលា បានចេញសេចក្តីថ្លែងការណ៍ថា តាំងពី ឈានចូលឆ្នាំ២០២៤មក ប្រាក់ចំណូលនៃព្រែកជីក Suez របស់ប្រទេសអេហ្ស៊ីប និងចំនួនកប៉ាល់ឆ្លងដែនបានធ្លាក់ចុះ ៦០% និង ៤៩% ដោយឡែកពីគ្នាបើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ។
ប្រធាននាយកដ្ឋានគ្រប់គ្រងព្រែកជីក Suez បានលើកឡើងថា បច្ចុប្បន្នស្ថានការណ៍តំបន់សមុទ្រក្រហមកំពុងតានតឹង គឺប្រឈមមុខនឹងការសាកល្បងដែលពុំធ្លាប់មានពីមុន នេះបានបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនផ្លូវទឹកស្វែងរកខ្សែផ្លូវនាវាចរណ៍ជំនួសដែលឃ្លាតឆ្ងាយពីព្រែកជីក Suez ។
ជុំវិញការធ្លាក់ចំណូលនេះ នាយកដ្ឋានគ្រប់គ្រងព្រែកជីក Suez បានពិគ្រោះពិភាក្សាអំពីវិបត្តិបច្ចុប្បន្នជាមួយអង្គការកិច្ចការសមុទ្រអន្តរជាតិ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកជាប់រហូតមក ហើយបានលើកឡើងពីដំណោះស្រាយឆ្លើយតប ដើម្បីកាត់បន្ថយផលប៉ះពាល់ចំពោះការធ្វើពាណិជ្ជកម្មសកល។
នាយកដ្ឋានគ្រប់គ្រងព្រែកជីក Suez បានបន្តទៀតថា ប្រាក់ចំណូលនៃព្រែកជីកបានធ្លាក់ចុះពី ៩,៤ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំសារពើពន្ធ ២០២២-២០២៣ (គឺពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២២ ដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២៣) ដល់ត្រឹមតែ ៧,២ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំសារពើពន្ធ ២០២៣-២០២៤តែប៉ុណ្ណោះ៕
អត្ថបទ៖ ជីវ័ន រូបភាព៖ Suez