ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរចំនួន ៧២,០៩៧នាក់ ក្នុងនោះទេសចរបរទេសចំនួន ៧១នាក់ បានធ្វើដំណើរកម្សាន្តនៅតាមសហគមន៍តំបន់ការពារធម្មជាតិនៅទូទាំងប្រទេសកម្ពុជា។
ក្រសួងបរិស្ថាន បានឲ្យដឹងថា ភ្ញៀវទេសចរណ៍ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងរដូវភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃ០២ ខែតុលា ឆ្នាំ២០២៤ នាពេលកន្លងមក មានភ្ញៀវទេសចរចំនួន ៧២,០៩៧នាក់ ហើយក្នុងនោះបាននាំចំណូលដល់សហគមន៍ ចំនួន ៣៥ ៣៦៧ ដុល្លារអាមេរិក។
បើតាមក្រសួងបរិស្ថាន សហគមន៍តំបន់ការពារធម្មជាតិ ទឹកធ្លាក់ច្រកល្អៀង នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានទាក់ទាញភ្ញៀវទេសចរណ៍ បានច្រើនជាងគេ ជិត២ម៉ឺននាក់ និងអាចរកចំណូលបានជិត១ម៉ឺនដុល្លារ។ តំបន់ការពារធម្មជាតិបឹងយក្សឡោម ក្នុងខេត្តរតនៈគីរី ក៏បានទទួលអ្នកទេសចរណ៍ជាតិ និងអន្តរជាតិចំនួនជាង១ម៉ឺននាក់ និងអាចរកចំណូលបាន ជាង៤ពាន់ដុល្លារ។
លើសពីនេះ សហគមន៍តំបន់ការពារធម្មជាតិនានា ផ្សេងទៀត សរុបចំនួន៥៣ ក្នុងចំណោមសហគមន៍តំបន់ការពារធម្មជាតិ ដែលបានទទួលស្គាល់ ដោយក្រសួងបរិស្ថាន សរុបចំនួន១៩៣ ទូទាំងប្រទេសកម្ពុជា ដែលមានសក្តានុពល និងជាគោលដៅទេសចរណ៍ធម្មជាតិ។
សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៤ នេះ សហគមន៍តំបន់ការពារធម្មជាតិ បានទាក់ទាញ់ទេសចរមកសម្រាកកម្សាន្តបានចំនួន ៦៦៣ ២០៧ នាក់ ក្នុងនោះទេសចរបរទេស មានចំនួន១២ ៥២០នាក់ និងបានផ្តល់ចំណូលដល់សហគមន៍បានចំនួន ៥២៥ ៣៥២ ដុល្លារអាមេរិក។
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងបរិស្ថាន