កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ កូនប្រុសច្បងលោកសេដ្ឋី គិត ម៉េង គឺសេដ្ឋីវ័យក្មេង គិត ស៊ូឡា ទទួលសញ្ញាបត្របញ្ចប់ការសិក្សានៅសាលាអន្តរជាតិ Hwa Chong (Hwa Chong International School) នៅប្រទេសសឹង្ហបុរី។
អ្នកឧកញ៉ា គិត ម៉េង ជាសេដ្ឋីមានឥទ្ធិពលមួយរូបក្នុងប្រទេសកម្ពុជា បានបង្ហាញអារម្មណ៍រំភើបថ្ងៃពិសេសបំផុតសម្រាប់កូនប្រុស គិត ស៊ូឡា និងសម្រាប់លោកជាឪពុកម្តាយ ព្រោះលោកបានឃើញកូនប្រុសច្បងក្នុងសម្លៀកបំពាក់ឯកសណ្ឋានក្នុងពិធីទទួលសញ្ញាបត្របញ្ចប់ការសិក្សាដែលលោកបានចូលរួមដោយផ្ទាល់។
លោកថ្លែងលើបណ្តាញសង្គមថា «ចាប់តាំងពីពេលដែល ស៊ូឡា ចូលក្នុងជីវិតយើង យើងដឹងច្បាស់ថាកូនប្រុសរបស់យើងពោរពេញដោយបំណងប្រាថ្នាចង់រៀន ចង់ដឹង មានការតាំងចិត្តខ្ពស់ ជាមនុស្សមានភាពទាក់ទាញ និងមានអំណោយទាន»។
លោកបន្តថា សេចក្តីប្រាថ្នារបស់យើងចំពោះកូនរបស់យើងមិនខុសពីឪពុកម្តាយដទៃទៀតនោះទេ គឺចង់ឃើញកូនៗធំឡើងអាចស្វែងរកគោលដៅជីវិតរបស់ពួកគេ ពេញចិត្តនឹងការសម្រេចចិត្តរបស់ពួកគេ ចេះដោះស្រាយបញ្ហាដោយខ្លួនឯង និងពុះពារក្នុងការស្វែងរកភាពជោគជ័យរបស់ពួកគេ។ យើងជាឪពុកម្តាយពិតជារំភើបជាខ្លាំង និងពោរពេញដោយមោទនភាព នៅពេលដែលយើងឃើញ ស៊ូឡា ឈរនៅលើឆាកក្នុងឯកសណ្ឋានបញ្ចប់ការសិក្សា។
លោក គិត ម៉េង ថ្លែងបញ្ជាក់ថា ស៊ូឡាកូន ជីវិតរបស់កូនកំពុងផ្លាស់ប្តូរប្រកបដោយអត្ថន័យ។ កូនត្រូវតែបន្តសិក្សាយកចំណេះបន្ថែម ទោះបីជាកូនបានបញ្ចប់ការសិក្សាក្នុងកម្រិតនេះក៏ដោយ។ កូនត្រូវខិតខំរៀនអ្វីថ្មីពីចាស់ទុំ និងមនុស្សដែលកូនជួប។ ចូរកូនបន្ទាបខ្លួន ហើយរក្សានូវការចង់ចេះដឹងចំពោះអ្វីដែលកូនជឿជាក់។ មិនថាមានអ្វីកើតឡើងបន្តទៀត កូនត្រូវដឹងថា ម្តាយរបស់កូន និងប៉ា ព្រមទាំងគ្រួសាររបស់យើងនឹងនៅក្បែរកូនជានិច្ច។
ក្នុងឱកាសនោះ លោកប្រកាសអបអរសាទរកូនប្រុសចំពោះសមិទ្ធផល និងការបញ្ចប់ការសិក្សានេះ ដោយបានសង្កត់ធ្ងន់ថា កូនធ្វើបានល្អណាស់៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ Page NeakOknha Kith Meng