លោក Macron ថ្វាយនូវការរៀបចំព្រះរាជពិធីទទួលព្រះរាជវន្ទនកិច្ចស្វាគមន៍ជាផ្លូវការព្រះមហាក្សត្រខ្មែរ

លោក Macron ថ្វាយនូវការរៀបចំព្រះរាជពិធីទទួលព្រះរាជវន្ទនកិច្ចស្វាគមន៍ជាផ្លូវការព្រះមហាក្សត្រខ្មែរ

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងដល់វិមានប្រធានាធិបតីបារាំងអេលីហ្សេ ដោយមានថ្វាយនូវការរៀបចំព្រះរាជពិធីទទួលព្រះរាជវន្ទនកិច្ចស្វាគមន៍ជាផ្លូវការ ប្រកបដោយភាពអធឹកអធមនូវខាងមុខវិមានប្រធានាធិបតី ដោយលោក Emmanuel Macron កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤

ក្នុងឱកាសនោះ លោក Emmauel Macron បានថ្វាយព្រះពរស្វាគមន៍ប្រកបដោយភាពខ្ពង់ខ្ពស់ថ្វាយ ចំពោះព្រះរាជវត្តមានព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ស្តេចនឹងយាងចូលរួមជាមហាកិត្តិយសក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង» នាពេលនេះ។

តាមដានជាមួយយើង៖ Million Times

ព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឬទ័យ ថ្លែងអំណរគុណចំពោះប្រជាជាតិបារាំង ដែលបានដើរតួនាទីសំខាន់ក្នុងកិច្ចសហប្រតិបតិ្តការនៃការអនុវត្តន៍គម្រោងលើកស្ទួយការបង្រៀនភាសាបារាំង ការលើកតម្កើងវិស័យវប្បធម៌កម្ពុជា ក្នុងបំណងជួយជំរុញឲ្យកម្ពុជាមានសកម្មភាពកាន់តែខ្លាំងក្លាថែមទៀត នូវទំនាក់ទំនងរវាងកម្ពុជា និងអង្គ​ការអន្តរជាតិហ្វ្រង់កូហ្វូនី។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រះករុណាព្រះមហាក្សត្រ ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស។

បើតាមក្រសួងការបរទេស កិច្ចប្រជុំកំពូលត្រង់កូហ្វូនី នៅប្រទេសបារាំងនេះគឺ ក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង» កិច្ចប្រជុំកំពូលនេះ ជាឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដើម្បីពិភាក្សាពីដំណោះស្រាយនៃបញ្ហាប្រឈមនានា ដូចជា ការបង្កើតការងារសម្រាប់យុវជនក្នុងតំបន់ប្រើប្រាស់ភាសាបារាំង។

ក្រសួងការបរទេស បញ្ជាក់ថា ព្រះអង្គនឹងយាងថ្លែងព្រះរាជសុន្ទរកថាបិទ ជាមួយនឹងប្រធានាធិបតី បារាំង Emmanuel Macron និងលោកស្រីអគ្គលេខាធិការ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី៕

អត្ថបទ៖ ផល កុសល រូបថត៖ ទទក