៣០គម្រោងដែលមានទុន ៥៩០លានដុល្លាររដ្ឋលើកទឹកចិត្តឲ្យវិនិយោគក្នុងខេត្តព្រះសីហនុ

កាលពីចុងខែកញ្ញាកន្លងទៅ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ៣០ ដែលមានទុនវិនិយោគសរុប ៥៩០ លានដុល្លារអាមេរិក។

គម្រោងទាំង ៣០នោះរួមមាន៖ រោងចក្រស្ល និងកែច្នៃលោហធាតុ រោងចក្រផលិតសម្ភារៈវេចខ្ចប់ រោងចក្រកែច្នៃស្បែក ផ្សារទំនើប អគារពហុមុខងារ សណ្ឋាគារ និង ភោជនីយដ្ឋានជាដើម។

តាមដានជាមួយយើង៖ Million Times

លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ក្រៅពីការពិនិត្យផ្តល់ការលើកទឹកចិត្ត និងការជំរុញការអនុវត្តវិធានការលើកទឹកចិត្ត ដល់គម្រោងវិនិយោគ និងធុរកិច្ច ក្រុមការងារបាន និងកំពុងអនុវត្តវិធានការជាច្រើន ដើម្បីជំរុញសម្ទុះសកម្មភាពវិនិយោគក្នុងខេត្ត ដែលរួមមាន ការអនុវត្តយុទ្ធនាការទីក្រុងសុវត្ថិភាព, ការរៀបចំវេទិកាទាក់ទាញការវិនិយោគ ការគាំទ្រដល់ការអភិវឌ្ឍសួនកសិ-ឧស្សាហកម្ម និងការរៀបចំតំបន់អភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ ។

លោកបន្តថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ចំនួន ១១០ គម្រោងរួចមកហើយ គិតត្រឹមខែសីហា ឆ្នាំ២០២៤ ។ ដោយរាប់បញ្ចូលទាំងគម្រោងដែលទទួលបានការឯកភាពថ្មីចំនួន ៣០នេះ គម្រោងដែលទទួលបានការលើកទឹកចិត្តពិសេស សរុបមានចំនួន ១៤០ គម្រោង រួមមានគម្រោងខ្នាតមីក្រូ តូច មធ្យម និង ធំ របស់ម្ចាស់គម្រោង និង ក្រុមហ៊ុនក្នុងស្រុក និង បរទេស ដែលមានវិសាលភាពនៅគ្រប់ក្រុងស្រុកនៃខេត្តព្រះសីហនុ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម