នៅព្រឹកថ្ងៃអង្គារ ទី១ ខែតុលា ឆ្នាំ២០២៤ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ យាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង តបតាមការយាងរបស់លោក Emmanuel Macron ប្រធានាធិបតីបារាំង។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រះករុណាព្រះមហាក្សត្រ ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស។
បើតាមក្រសួងការបរទេស កិច្ចប្រជុំកំពូលត្រង់កូហ្វូនី នៅប្រទេសបារាំងនេះគឺ ក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង» កិច្ចប្រជុំកំពូលនេះ ជាឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដើម្បីពិភាក្សាពីដំណោះស្រាយនៃបញ្ហាប្រឈមនានា ដូចជា ការបង្កើតការងារសម្រាប់យុវជនក្នុងតំបន់ប្រើប្រាស់ភាសាបារាំង។
ក្រសួងការបរទេស បញ្ជាក់ថា ព្រះអង្គនឹងយាងថ្លែងព្រះរាជសុន្ទរកថាបិទ ជាមួយនឹងប្រធានាធិបតី បារាំង Emmanuel Macron និងលោកស្រីអគ្គលេខាធិការ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។
នៅក្នុងអំឡុងពេល ដែលព្រះអង្គគង់នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងនោះ ព្រះអង្គនឹងព្រះរាជទានព្រះរាជសវនាការទ្វេភាគី ជាមួយនឹងលោក Emmanuel Macron ប្រធានាធិបតីបារាំង ដើម្បីពិភាក្សាអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងបារាំង៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ