សម្តេច ហ៊ុន សែន ណែនាំឲ្យប្រើ WhatsApp និង CoolApp សម្រាប់ទំនាក់ទំនងជាមួយសម្តេច

សម្តេច ហ៊ុន សែន ណែនាំឲ្យប្រើ WhatsApp និង CoolApp សម្រាប់ទំនាក់ទំនងជាមួយសម្តេច

សម្តេច ហ៊ុន សែន អំពាវនាវឲ្យប្រើប្រាស់ WhatsApp និង CoolApp សម្រាប់ទំនាក់ទំនងជាមួយសម្តេចដោយសារការបញ្ជូនសារទាំងអក្សរ ទាំងសំឡេងលឿន ធានាដល់សន្តិសុខជាតិ និងសន្តិសុខផ្ទាល់ខ្លួន។

តាមរយៈសារលើបណ្តាញសង្គមនាល្ងាចថ្ងៃសៅរ៍នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានឲ្យដឹងថា ប៉ុន្មានខែមកនេះតេឡេក្រាម (Telegram) របស់សម្តេចទទួលសារបានតែមិនអាចបញ្ជូនសារចេញបានទាំងអក្សរ ទាំងសារសម្លេង ប្រសិនជាចេញបានក៏ត្រូវរង់ចាំ ដែលធ្វើឲ្យអ្នកផ្ញើសារមកសម្តេចតាមតេឡេក្រាមមិនបានឆ្លើយតបពីសម្តេច ឬត្រូវឆ្លើយយឺត។

តាមដានជាមួយយើង៖ Million Times

សម្តេចថ្លែងថា៖ «ខ្ញុំសូមបងប្អូនដែលមានទំនាក់ជាមួយខ្ញុំងាកមកប្រើតាម WhatsApp ពិសេសតាម CoolApp ដែលជារបស់ខ្មែរ។ ដោយសារមានព័ត៌មានជាច្រើនបានផ្សាយពីការបែកធ្លាយទិន្នន័យបុគ្គលតាម Telegram នៅតាមប្រទេសមួយចំនួនបានធ្វើឲ្យខ្ញុំព្រួយបារម្មណ៍ពីសន្តិសុខជាតិ និងសុវត្តិភាពព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាជនយើងម្នាក់ៗ»។

សម្តេចបញ្ជាក់ថា ដោយកង្វល់ពីបញ្ហាដូចបានលើកឡើងខាងលើ សម្តេចស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាល របស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជំនួសឲ្យ Telegram ។ ក្នុងនោះ ស្ថាប័នផ្សេងទៀតដូចជា ព្រឹទ្ធសភា រដ្ឋសភា តុលាការ ក៏គួររៀបចំគ្រុប CoolApp ផងដែរ។ មន្ត្រីរាជការសុីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ដែលប្រើស្មាតហ្វូនក៏គប្បីបង្កើត CoolApp ដើម្បីប្រើតាមការស្ម័គ្រចិត្ត។

បើតាមសម្តេចប្រធានព្រឹទ្ធសភា នេះមិនមែនជាការបង្ខិតបង្ខំឲ្យប្រើប្រាស់ CoolApp ទេ តែជាការដាស់តឿនសម្រាប់ធានាដល់សន្តិសុខជាតិ និងសន្តិសុខផ្ទាល់ខ្លួន អាស្រ័យដោយ CoolApp ជារបស់ខ្មែរក្នុងដែនសុវត្តិភាពរបស់កម្ពុជា និងម្យ៉ាងទៀត CoolApp ក៏ប្រើប្រាស់បាននៅទូទាំងពិភពលោក ដូចប្រព័ន្ធដ៏ទៃទៀតដែរ ខុសគ្នាត្រង់ CoolApp មិនអាចឲ្យបរទេសចូលយកទិន្នន័យរបស់រដ្ឋ ឬ ឯកជនបាននោះឡើយ។

សម្តេចថ្លែងបន្តថា «យើងត្រូវការប្រព័ន្ធល្បឿនលឿន និងច្បាស់ទាំងសម្លេងទាំងរូបភាពដូច CoolApp សព្វថ្ងៃ ព្រមទាំងត្រូវការរក្សាការសម្ងាត់របស់ជាតិក៏ដូចជា បុគ្គលម្នាក់ៗផងដែរ»។

សម្តេចបញ្ជាក់បន្ថែមថា បច្ចុប្បន្នអ្នកប្រើប្រាស់ CoolApp បានកើនលឿនរហូតដល់៣០ម៉ឺននាក់ និងប្រើប្រាស់ប្រព័ន្ធ Encryption ដូចកម្មវិធីបរទេសដែរ  មិនអាចជនណាម្នាក់មើលសាររបស់យើងបានឡើយ សូម្បីតែក្រុមហ៊ុនផ្ទាល់ក៏ដោយ។ កម្ពុជាមាន CoolApp ក៏ជាមោទនភាពរបស់ខ្មែរយើងដែរ ព្រោះសមាជិកអាស៊ានទាំងអស់ មានតែ វៀតណាម និងកម្ពុជា៕

អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម