សម្តេច ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រុមអ្នកមានជាប់ខ្សែស្រឡាយចិននៅកម្ពុជាពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគតាមព្រំដែន

សម្តេច ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រុមអ្នកមានជាប់ខ្សែស្រឡាយចិននៅកម្ពុជាពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគតាមព្រំដែន

ប្រមុខរាជរដ្ឋាភិបាល លើកទឹកចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិន​នៅកម្ពុជា​ ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ជាពិសេសខេត្តភាគឦសាន ខណៈរាជរដ្ឋាភិបាលនឹងបន្តអភិវឌ្ឍបន្ថែមទៀត ដោយផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ពាប់ និងផ្លូវក្រវាត់ព្រំដែន។

ការអំពាវនាវលើកទឹកចិត្តយ៉ាងដូច្នេះធ្វើឡើងនារសៀលថ្ងៃទី២៧ ខែកញ្ញា ក្នុងពេលសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទទួលជំនួបសំណេះសំណាលជាមួយគណៈប្រតិភូសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដឹកនាំដោយមហាសេដ្ឋី ពុង ឃាវសែ នៅវិមានសន្ដិភាព។

តាមដានជាមួយយើង៖ Million Times

សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍខេត្តតាមព្រំដែន ដោយសម្ដេចបានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តអភិវឌ្ឍបន្ថែមទៀត ដោយផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ពាប់ និងផ្លូវក្រវាត់ព្រំដែន ការដាក់ចេញនូវកម្មវិធីផ្តល់ដីសង្គមកិច្ចដល់ប្រជាជនដែលខ្វះដី​ពិត​ប្រាកដ តាមរយៈកម្មវិធីផ្ដល់ដី​ ការពារព្រៃ​ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ដេីម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែន និងការបន្តចរចាជាមួយប្រទេសជិតខាងលើកិច្ចការបោះបង្គោលព្រំដែន។ 

សម្តេច​​បានគូសបញ្ជាក់បន្ថែមថា វិស័យឯកជនជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និង ការបង្កើតការងារ​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងបន្តរក្សានូវសន្ដិភាព ស្ថិរភាពនយោបាយ និងការបង្កើតនូវបរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញ និងអំណោយផល សម្រាប់វិនិយោគិន។ 

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ពិនិត្យលទ្ធភាពថែមទៀតដើម្បីបណ្ដាក់ទុនវិនិយោគនៅតាមបណ្ដាខេត្តជាប់ព្រំដែន ជាពិសេសខេត្តភាគឦសាន៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី