ច្រករបៀងវប្បធម៍កម្ពុជាចិននឹងជួយបង្ខិតគោលដៅទេសចរណ៍រវាងខេត្តសៀមរាបនិងយូណាន

ច្រករបៀងវប្បធម៍កម្ពុជាចិននឹងជួយបង្ខិតគោលដៅទេសចរណ៍រវាងខេត្តសៀមរាបនិងយូណាន

កម្ពុជានិងចិនបានបើកសម្ពោធច្រករបៀងវប្បធម៍នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ដើម្បីបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍រវាងខេត្តសៀមរាប និងខេត្តយូណាន។ នេះបើតាមមន្ទីរព័ត៍មានខេត្តសៀមរាប។

តាមដានជាមួយយើង៖ Million Times

បើតាមរដ្ឋលេខាធិការក្រសួងព័ត៍មាន លោក ឈាន លាង បានសម្តែងនូវចំណាប់អារម្មណ៍ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរគឺជាច្រកទ្វារដ៏សំខាន់សម្រាប់ផ្សារភ្ជាប់កម្ពុជាទៅនឹងពិភពលោក។ សម្រាប់ច្រករបៀងវប្បធម៍កម្ពុជា ចិន នឹងនាំភ្ញៀវទេសចរមកពីជុំវិញពិភពលោកទៅទស្សនានិងស្វែងយល់ពីធម្មជាតិទំនៀមទម្លាប់វប្បធម៍របស់កម្ពុជានិងចិន។

លោកស្រី វ៉ាង ជាំងហុង អនុប្រធានមន្ទីរវប្បធម៍និងទេសចរណ៍ខេត្តយូណាន យល់ថា ទេសចរណ៍និងវប្បធម៍អាចជំរុញការតភ្ជាប់បេះដូងរវាងប្រជាជនិងប្រជាជន។ តាមរយៈសកម្មភាពនេះនឹងជំរុញវិស័យទេសចរណ៍រវាងខេត្តទាំងពីរដើម្បីច្នៃប្រឌិតសម្រាប់ទេសចរណ៍ឆ្លងព្រំដែន។ ជាងនេះទៅទៀត លោកស្រីសង្ឃឹមថា ផលិតផលទេសចរណ៍ទីតាំងបេតិកភណ្ឌពិភពលោក”ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ”នឹងក្លាយជាម៉ាកទេសចរណ៍អន្តរជាតិដ៏ល្បីល្បាញលើពិភពលោក។

ច្រករបៀងនេះត្រូវបានគេជឿថានឹងពង្រីកការផ្លាស់ប្តូរវប្បធម៍រវាងប្រទេសកម្ពុជានិងចិន ព្រមទាំងបង្ខិតគោលដៅទេសចរណ៍កម្សាន្តផងដែរ។ ច្រករបៀងវប្បធម៌នេះ មានដាក់តាំងរូបថតដ៏ស្រស់ស្អាត និងគួរឱ្យចាប់អារម្មណ៍ជាច្រើន ដោយផ្តោតលើប្រធានបទសំខាន់ចំនួន ៣ គឺ “ប៉ាក់” “ចម្លាក់” និង “ពណ៌ចម្រុះ” ដែលសុទ្ធសឹងជាបេតិកភណ្ឌវប្បធម៌ អរូបីរបស់ ប្រទេសកម្ពុជា និងខេត្តយូណាន ប្រទេសចិន។

ច្រករបៀងវប្បធម៌ កម្ពុជា-ចិន គឺជាសកម្មភាពស្របទៅនឹងការដាក់ចេញ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” សំដៅជំរុញកំណើនទេសចរចិន មកទស្សនាកម្ពុជាឱ្យកាន់តែច្រើនថែមទៀត៕



អត្ថបទ៖ នារតី