រដូវវស្សា ភ្ញៀវទេសចរទៅលេងរមណីយដ្ឋានបែបធម្មជាតិកាន់តែច្រើន

រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិក្នុងស្រុកនៅរដូវវស្សាបែបនេះ បានក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិមកសម្រាកលំហែកម្សាន្ត។ ធម្មជាតិបៃតងគួបផ្សំនឹងអាកាសធាតុត្រជាក់ផងនោះ កាន់តែជួយទាញកំណើនភ្ញៀវឲ្យមកលេងកាន់តែច្រើន។

បើតាមកញ្ញា កែន ម៉ូនីកា អ្នកគ្រប់គ្រងនៅរីសតបុប្ផាលាក់ខ្លួន ក្នុងខេត្តពោធិ៍សាត់វិញ ប្រាប់ថា តាំងពីចូលរដូវវស្សាមកឲ្យតែរាល់ចុងសប្តាហ៍គឺមានភ្ញៀវមកសម្រាកកម្សាន្តនៅរីសតនេះពេញៗតែម្តង។ សម្រាប់ខែប្រាំងចន្លោះខែមីនានិងមេសាមិនសូវមានភ្ញៀវមកលេងនោះទេ ដោយសារអាកាសធាតុក្តៅ ធ្វើឲ្យទេសភាពនៅទីនេះមិនអំណោយផល។ កញ្ញាបន្តថា ជាទូទៅ ចាប់ពីខែវស្សាក្នុងខែឧសភា ដល់ចុងឆ្នាំ និងដើមឆ្នាំចន្លោះខែមករានិងកុម្ភៈមានភ្ញៀវជាតិមកលេងច្រើន តែភ្ញៀវបរទសមិនសូវមានទេ។

តាមដានជាមួយយើង៖ Million Times

ងាកមករមណីយដ្ឋានមើលផ្កាយបោះតង់ ក្នុងខេត្តកំពង់ឆ្នាំងវិញ លោក ប៊ុត ជំនិត អ្នកគ្រប់គ្រងនៅទីនេះ ប្រាប់ថា ភ្ញៀវមកកម្សាន្តលេងច្រើនគឺនៅចុងសប្តាហ៍ ហើយខែដែលទាញបានភ្ញៀវមកលេងកាន់តែច្រើននោះគឺក្នុងចន្លោះខែកញ្ញាដល់ចុងឆ្នាំ ។ មូលហេតុដោយសារអំឡុងខែនេះ ទេសភាពស្រស់ស្អាត អមដោយខ្យល់អាកាសត្រជាក់ស្រួល មានទឹកធ្លាក់អាចងូតទឹកលេង ជួយឲ្យភ្ញៀវមកលេងសម្រាកបោះតង់ ជួបជុំអាំងសាច់ អាចបំបាត់ទុក្ខកង្វល់បានមួយគ្រា។ ម្យ៉ាងវិញរមណីយដ្ឋាននេះ ជាតំបន់បែបធម្មជាតិ ដូច្នេះក្នុងរដូវរំហើយឬរដូវភ្លៀង ទេសភាពជុំវិញប្រែជាពណ៍បៃតងខៀវស្រងាត់ ស្អាតទាក់ទាញ។

មិនខុសគ្នាប៉ុន្មាន លោក ចេន សុខជា ដែលជាអ្នកគ្រប់គ្រងនៅឧទ្យានបោះតង់ ក្នុងខេត្តកំពង់ស្ពឺ ឲ្យដឹងថា ក្នុងមួយខែមានភ្ញៀវជាង៥ពាន់នាក់មកស្នាក់នៅនិងកម្សាន្តលេងនៅទីនេះ។ សម្រាប់ចុងសប្តាហ៍ មានភ្ញៀវមកលេងច្រើនជាងគេ ព្រោះជាថ្ងៃឈប់សម្រាក។ ភ្ញៀវដែលមកលេងភាគច្រើនជាជនជាតិខ្មែរ ហើយទេសភាពនៅទីនេះឲ្យតែខែវស្សាដឹងតែចុះអ័ព្ទ ស្អាតទាក់ទាញ ដែលជម្រុញឲ្យភ្ញៀវតែងឆ្លៀតមកលេងកម្សាន្តឥតដាច់។ ម្យ៉ាងទៀត ឧទ្យានបោះតង់ មានទីតាំងជិតរាជធានីភ្នំពេញ កាន់តែងាយស្រួលក្នុងការធ្វើដំណើរនិងចំណាយពេលតិចផងដែរ៕

អត្ថបទ៖ នារតី