ស្រុកជីក្រែង ជោគជ័យលើការដេញថ្លៃគម្រោងសាងសង់ចំនួន៣ តម្លៃជាង១០៩លានរៀល

ស្រុកជីក្រែង ជោគជ័យលើការដេញថ្លៃគម្រោងសាងសង់ចំនួន៣ តម្លៃជាង១០៩លានរៀល

ការដាក់ដេញថ្លៃគម្រោងសាងសង់ចំនួន៣ រួមមានផ្លូវបេតុងអាមេ ២ខ្សែ និងលូជ្រុងទ្រីបមួយកន្លែង ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

តាមដានជាមួយយើង៖ Million Times

បើតាមលោក តែម គឹមសេង ប្រធានគណៈកម្មការលទ្ធកម្មឃុំសង្វើយ ឲ្យដឹងថា ចំពោះគម្រោងមូលនិធិឃុំឆ្នាំ២០២៤នេះ ឃុំសង្វើយ បានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង១២៤ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.២ម៉ែត្រ ដាក់ដែកមុខកាត់១០លី និងលូទំហំមុខកាត់០.៨ម៉ែត្រ ចំនួន៤កង់ រួមនឹងស្លាកសញ្ញាគម្រោងចំនួន១ ក្នុងតម្លៃប៉ាន់ស្មាន ១០៦.២៩៣.៣៨៣រៀល ដោយមានក្រុមហ៊ុនចំនួន៥ បានដាក់សំណើរ។ ជាលទ្ធផលបានទៅលើក្រុមហ៊ុន អ៊ឹង លីសួរ ក្នុងតម្លៃ៤៨.៣៥០.០០០រៀល។

ដោយឡែក លោក ទី ម៉េង ប្រធានគណៈកម្មការលទ្ធកម្មឃុំឫស្សីលក ប្រាប់ថា ចំពោះគម្រោងមូលនិធិឃុំឆ្នាំ២០២៤នេះ ឃុំឫស្សីលក បានដាក់ដេញថ្លៃគម្រោងចំនួន២ ដោយគម្រោងទី១៖ គម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១១ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់បេតុង០.២ម៉ែត្រ ដាក់ដែកមុខកាត់១០លី សាងសង់លូកាត់ផ្លូវទំហំមុខកាត់១ម៉ែត្រ ប្រវែង៧ម៉ែត្រ មួយកន្លែង និងដាក់លូការពារផ្លូវមុខកាត់០.៨ម៉ែត្រចំនួន៤កង់ ជាមួយនឹងស្លាកសញ្ញាគម្រោងចំនួន១ ក្នុងតម្លៃប៉ាន់ស្មាន ២១.៧២៣.២៧៩រៀល ដោយមានក្រុមហ៊ុនចំនួន៥ បានដាក់សំណើរ។ ជាលទ្ធផលបានទៅលើក្រុមហ៊ុន AMRL ក្នុងតម្លៃ៤.៦២៤.០០០រៀល។

ដោយឡែកគម្រោងទី២៖ គម្រោងសាងសង់លូជ្រុងទ្រីប មុខកាត់៣ម៉ែត្រ កម្ពស់២ម៉ែត្រ ប្រវែង៦ម៉ែត្រ ចំនួន១កន្លែង និងស្លាកសញ្ញា គម្រោងចំនួន១ កន្លែងក្នុងតម្លៃប៉ាន់ស្មាន ៩១.៥០១.៣០០រៀល ដោយមានក្រុមហ៊ុនចំនួន៥ បានដាក់សំណើរ។ ជាលទ្ធផលបានទៅលើក្រុមហ៊ុន ធីធីអេសបៀល ក្នុងតម្លៃ៥៦.៩០០.១០០រៀល។

ជាមួយនឹងការទទួលបានសិទ្ធនៃការសាងសង់នេះ តំណាងក្រុមហ៊ុនម៉ៅការទាំងបី បានធ្វើការប្ដេជ្ញាចិត្ត ដោយសន្យាសាងសង់ឲ្យត្រឹមត្រូវ ទាន់ពេលវេលា ស្របទៅតាមគំនូរប្លង់បច្ចេកទេស បទដ្ឋានគតិយុទ្ធនៃការសាងសង់ និងគោរពទៅតាមលក្ខណ្ឌដែលចែងនៅក្នុងកិច្ចសន្យា៕



អត្ថបទ៖ នារតី