ផ្លូវនាវាចរណ៍រួមតូច អ្នកបើកនាវាឆ្លងកាត់តំបន់ការដ្ឋានស្ពានទន្លេបាសាក់ត្រូវប្រុងប្រយ័ត្នខ្ពស់

ក្នុងអំឡុងពេលសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នៅតំបន់ការដ្ឋានពេលនេះ ផ្លូវនាវាចរណ៍រួមតូច ជាហេតុអាចនាំឲ្យរំខានដល់ការធ្វើនាវាចរណ៍។ ដូចនេះដើម្បីធានាបាននូវសុវត្ថិភាព សូមអ្នកបើកបរទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឧបទ្ទវជាយថាហេតុ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៤។

តាមដានជាមួយយើង៖ Million Times



ក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងសូមអំពាវនាវគ្រប់អ្នកបើកនាវាទាំងអស់ត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម៖


១. បន្ថយល្បឿននាវា និងបើកបរនៅក្នុងចន្លោះសុវត្ថិភាពដែលមានផ្លាក និងពោងសញ្ញាបង្ហាញ។

២. រក្សាចម្ងាយសុវត្ថិភាពបើកបរឲ្យបានគ្រប់គ្រាន់ ជាពិសេសនៅរដូវវស្សាដែលមានចរន្តទឹកហូរ និងគួចខ្លាំង ដើម្បីចៀសវាងហានិភ័យនៃការប៉ះទង្គិចពេលឆ្លងកាត់ច្រករួមតូច ឬនៅជិតការដ្ឋានសាងសង់។


៣. ផ្តល់អាទិភាពដល់នាវារបស់ការដ្ឋានសាងសង់ និងអនុវត្តតាមការផ្តល់សញ្ញា និងការណែនាំពីបុគ្គលិកការដ្ឋានសាងសង់។


៤. ក្នុងចម្ងាយ៥០០ម៉ែត្រ ពីការដ្ឋានសាងសង់មិនអនុញ្ញាឲ្យនាវាបោះយុថ្កា ឈប់សំចត ឬស្នាក់នៅ។
៥. នាវាធ្វើដំណើរឆ្លងកាត់តំបន់សាងសង់ ត្រូវតែធ្វើចរាចរណ៍ទៅតាមទីតាំងដែលបានកំណត់។

៦. ហាមបើកបរវ៉ាជែងគ្នា និងល្បឿនលឿនបណ្តាលឲ្យមានរលកខ្លាំង ហើយត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នាក្នុងចម្ងាយ ៥០០ម៉ែត្រ។

សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានទីតាំងភូមិសាស្រ្តខាងលិច ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងខាងកើតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៧៕



អត្ថបទ៖ នារតី