ផ្លូវបេតុងមួយខ្សែតម្លៃ៣៦៩លានរៀលនៅសៀមរាប គ្រោងសាងសង់ឆាប់ៗ

ផ្លូវគម្រោងបេតុងអាមេមួយខ្សែក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ត្រូវបានក្រុមហ៊ុនដេញថ្លៃទទួលបានសិទ្ធសាងសង់ក្នុងតម្លៃ ៣៦៩.០០០.០០០រៀល។

តាមដានជាមួយយើង៖ Million Times

លោក ជា សារិន ប្រធានគណៈកម្មការលទ្ធសង្កាត់នគរធំ ក្រុងសៀមរាប បានឲ្យដឹងថា ចំពោះគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៤នេះ ឃុំនគរធំ បានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង៣៣៨ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់បេតុង0.២០ម៉ែត្រ ដែក១០លី មានក្រួសក្រធម្មជាតិស្មារផ្លូវទាំងសងខាង0.៦០ម៉ែត្រ លូកាត់ផ្លូវចំនួន២កន្លែង ស្លាកសញ្ញាចរាចរ១ លូមុខ 0.៨០ម៉ែត្រ ចំនួន២កង់ សម្រាប់ដាក់ការពារឡានធំ និងស្លាកគម្រោងចំនួន១ ក្នុងតម្លៃប៉ាន់ស្មាន ៣៧០.១២៨.០១៥រៀល ដោយមានក្រុមហ៊ុនដាក់សំណើរចំនួន ៤ក្រុមហ៊ុន។ ជាលទ្ធផលបានទៅលើក្រុមហ៊ុន សករាជ ក្នុងតម្លៃ ៣៦៩.០០០.០០០រៀល។

ជាមួយនឹងការទទួលបានសិទ្ធនៃការសាងសង់នេះ តំណាងក្រុមហ៊ុនម៉ៅការ បានធ្វើការប្ដេជ្ញាចិត្ត ដោយសន្យាសាងសង់ឲ្យត្រឹមត្រូវ ទាន់ពេលវេលា ស្របទៅតាមគំនូរប្លង់បច្ចេកទេស បទដ្ឋានគតិយុទ្ធនៃការសាងសង់ និងគោរពទៅតាមលក្ខខណ្ឌដែលចែងនៅក្នុងកិច្ចសន្យា។

គួរបញ្ជាក់ថា ផ្លូវមួយខ្សែនេះត្រូវការជួសជុលបន្ថែមដោយសារមានជង្ហុក គ្រលុក និងបង្កការរអិលសម្រាប់អ្នកបើកបរនៅរដូវរស្សា ហើយនៅរដូវប្រាំងវិញមានសភាពហ៊ុយទ្រលោម។ ដូច្នេះហើយ ខាងមន្រ្តីពាក់ព័ន្ធសម្រេចសាងសង់ផ្លូវក្រួសក្រហមនេះជាផ្លូវបេតុងវិញ​ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំងអស់៕

អត្ថបទ៖ នារតី
រូបភាព៖ មន្ទីរព័ត៍មានខេត្តសៀមរាប