កំណាត់ផ្លូវជាតិលេខ៣៣ឆ្លងកាត់ខេត្តកែប-កំពត នឹងជីកប្រឡាយចំហសងខាងផ្លូវ

កំណាត់ផ្លូវជាតិលេខ៣៣ ឆ្លងកាត់ភូមិសាស្រ្តខេត្តកែប-កំពត នឹងជីកប្រឡាយចំហសងខាងផ្លូវ ក្នុងគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ចាប់ពីរង្វង់មូលធូរេន ទីរួមខេត្តកំពត-កែប-កំពង់ត្រាច-ច្រកលក ព្រំដែនវៀតណាម។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប បានឲ្យដឹងថា គម្រោងជួសជុលផ្លូវជាតិលេខ៣៣នេះ ពីខេត្តកំពតដល់ច្រកលក(ព្រំដែនកម្ពុជា-វៀតណាម) ក៏ឆ្លងកាត់ភូមិសាស្រ្តខេត្តកែបចាប់ពីចន្លោះ គ.ម១២+០០០ដល់គ.ម៣០+០០០ មានប្រវែង ១៨ គីឡូម៉ែត្រ។ ក្រុមហ៊ុននឹងចាប់ផ្តើមការជីកប្រឡាយចំហសងខាងផ្លូវឲ្យបានទាន់ពេលវេលាដើម្បីកែលម្អសោភណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈ។

តាមដានជាមួយយើង៖ Million Times

ទន្ទឹមនេះ រដ្ឋបាលខេត្តកែបបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានទីលំនៅនិងកំពុងប្រើប្រាស់ដីចំណីផ្លូវជាតិលេខ៣៣ សូមចូលរួមសហការ ដោយធ្វើការរុះរើចេញរាល់សម្ភារៈនិងសំណង់នានា ដែលបានសង់លើដីចំណីផ្លូវជាតិលខេ៣៣ចាប់ពីជូនដំណឹងនេះតទៅ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមដើមខែមេសា ឆ្នាំ២០២៤កន្លងទៅ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ចាប់ពីរង្វង់មូលធូរេន ទីរួមខេត្តកំពត-កែប-កំពង់ត្រាច-ច្រកលក ព្រំដែនវៀតណាម សម្រេចវឌ្ឍនភាពការងារបាន ៦២%។ 

សូមជម្រាបថា គម្រោងនេះមានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕

អត្ថបទ៖ នារតី រូបភាព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន