ពលរដ្ឋនៅខេត្តព្រះសីហនុ ទន្ទឹងរង់ចាំមើលផ្លូវវិនិយោគិនចិនត្រឡប់មកវិញ

ប្រជា​លរដ្ឋដែលរស់នៅក្នុងក្រុងព្រះសីហនុ ភាគច្រើនរង់ចាំទន្ទឹងមើលផ្លូវវិនិយោគិនចិនត្រឡប់មកវិញដើម្បីបន្តរកស៊ីក្នុងខេត្តរបស់ខ្លួនបន្ទាប់ពីពួកគេបានចាកចេញចាប់តាំងពីវិបត្តិជំងឺកូវីដ១៩ និងការបង្ក្រាបល្បែងអនឡាញពីរាជរដ្ឋាភិបាលកម្ពុជា។

លោក ទូច រ៉េមី ជាពលរដ្ឋម្នាក់ដែលរស់នៅក្នុងខេត្តព្រះសីហនុហើយបានជួលដីឲ្យចិនធ្វើការសាងសង់សណ្ឋាគារ បានលើកឡើងថា លោកនិងប្រជាពលរដ្ឋដទៃទៀតសុទ្ធតែទន្ទឹងរង់ចាំការវិលត្រឡប់មកវិញរបស់ជនជាតិចិន ដើម្បីបន្តការសាងសង់អគារជាប់គាំងព្រោះអគារដែលពួកគេជួលឲ្យចិនភាគច្រើនមានតែគ្រោងឆ្អឹងឈរជ្រោង ទុកចោលបន្ទាប់ពីជនជាតិចិនបានរត់ត្រឡប់ស្រុកចិនវិញ សូម្បីការទូទាត់លុយក៏គ្មានដែរ។

លោកថ្លែងថា «ខ្ញុំនឹងប្រជាពលរដ្ឋនៅទីនេះភាគច្រើនមើលផ្លូវជនជាតិចិនត្រឡប់វិញទេ ព្រោះលឺតែព័ត៌មានផ្សាយថា ពេលនេះពេលនោះត្រឡប់មកវិញ ចឹងពួកខ្ញុំឯណេះ រង់ចាំមើលផ្លូវណាស់…! សំណង់អគារឃើញតែគ្រោងឆ្អឹង បើទោះយើងធ្វើបន្តក៏គ្មានលុយធ្វើដែរ ព្រោះឥឡូវបង់ធនាគាររាល់ខែ សឹងតែដាច់ក្រពះហើយ បើសេដ្ឋកិច្ចដូចសព្វថ្ងៃនេះ»។

តាមដានជាមួយយើង៖ Million Times

សូមជម្រាបថា ដើម្បីឈានទៅបញ្ចប់ការដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្ត «កម្មវិធីពិសេស​ជំរុញ​ការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ​២០២៤» ស្របពេលកម្មវិធីពិសេសនេះទទួលបានការសារទរពីប្រជាពលរដ្ឋ និងវិនិយោគិនកំពុងរកស៊ីនៅទីនោះ។

លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា គិតចាប់ពីខែកុម្ភៈ មកដល់បច្ចុប្បន្ននេះ គឺក្រុមការងារនេះបាន​ដោះស្រាយវិវាទជូន​អ្នក​វិនិយោគិន ឬវិស័យឯកជន ដោយជោគជ័យសរុបបានចំនួន ២៧គម្រោង។

លោកបញ្ជាក់​ថា គម្រោងទាំង១៤ ដែលទើបសម្របសម្រួលដោះស្រាយបញ្ចប់​នេះ រួមមាន៖ គម្រោង​ពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន១០គម្រោង និងគម្រោង​ពុំពាក់ព័ន្ធនឹងអគារជាប់គាំង​ចំនួន៤ ដែលដំណើរការបានភ្លាមក្នុងឆ្នាំ​២០២៤ ជាអាទិ៍៖ គម្រោងសណ្ឋាគារផ្កាយ៥ និងកាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និងស្នាក់នៅរួម គម្រោងរោងចក្រលាយបេតុង រោងចក្រផលិតក្រដាស​កេស​កាតុង និង គម្រោងសេវាកម្មតុបតែងលម្អស្ថាបត្យកម្ម ដែលមានទំហំទុនវិនិយោគសរុបប៉ាន់ប្រមាណ ២១៣លាន​ដុល្លារអាមេរិក​។ ហើយគម្រោងទាំងនេះ ជាគម្រោងចម្រុះដែលមានម្ចាស់ជា​ជនជាតិ​ខ្មែរ និងបរទេស ដោយមានទំហំតូច មធ្យម និងធំ​៕

អត្ថបទ និងរូបភាព៖ ផល កុសល