ឯកអគ្គរាជទូតកាតា បានបង្ហាញបំណងជំរុញវិនិយោគិនរបស់ខ្លួនមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងដៃគូអាជីវកម្ម។ ការអះអាងនេះ គ្រាដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឲ្យលោក Khalid Ali Abdullah Abel ឯកអគ្គរាជទូតកាតាប្រចាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី ៧ ខែឧសភានេះ។
នៅក្នុងជំនួបនេះលោកឯកអគ្គរាជទូតកាតា បានជម្រាបជូនសម្តេចធិបតី ថា ក្នុងអាណត្តិការទូតនៅកម្ពុជា លោកប្តេជ្ញាជំរុញ និងលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ឲ្យឈានដល់កម្រិតខ្ពស់បន្ថែមទៀត។ លោកឯកអគ្គរាជទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីបំណងក្នុងការសម្របសម្រួល និងជំរុញវិនិយោគិនរបស់ប្រទេសកាតាឲ្យមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងដៃគូអាជីវកម្ម។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់លោកឯកអគ្គរាជទូត ក្នុងការជំរុញ ក៏ដូចជាពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កាតា ឲ្យឈានដល់កម្រិតខ្ពស់បន្ថែមទៀត ដោយសម្តេចធិបតី បានគូសបញ្ជាក់ផងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែបើកចំហ ស្វាគមន៍ និងគាំទ្រក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សម្ដេចនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូតកាតា ក៏បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តជំរុញ និងលើកកម្ពស់នូវទំនាក់ទំនងការទូត ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ វិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវ:។
មុននឹងបញ្ចប់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឲ្យមានជំនួបធុរកិច្ចរវាងបណ្តាក្រុមហ៊ុន នៃប្រទេសកាតា ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា និងលើកទឹកចិត្តឲ្យលោកឯកអគ្គរាជទូត ដើរតួនាទីជាអ្នកសម្របសម្រួល ដើម្បីជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងនេះ ឲ្យកាន់តែប្រសើរឡើង៕
អត្ថបទ៖ វីរៈ រូបភាព៖បណ្ដាញសង្គមរបស់សម្ដេចធិបតី