អាមេរិក គ្មានជំទាស់ការធ្វើព្រែកជីកហ្វូណនតេជោនោះឡើយ 

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានលើកឡើងថា សហរដ្ឋអាមេរិកមិនមានជំទាស់នឹងការអភិវឌ្ឍន៍គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជានោះទេ គ្រាន់តែបង្ហាញក្តីបារម្ភអំពីរឿងបរិស្ថានប៉ុណ្ណោះ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងវេទិកាផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ កាលពីពេលថ្មីៗកន្លងទៅ បានបញ្ជាក់ថា សហរដ្ឋអាមេរិកគ្មានជំទាស់គម្រោងព្រែកជីកហ្វូណនតេជោហើយក៏គ្មានកង្វល់ពីគម្រោងព្រែកជីកនេះដែរ។ លោកបន្តថា ជារឿយៗអាមេរិកលើកឡើងពីកំពង់ផែរាម នៅខេត្តព្រះសីហនុ ប៉ុន្តែអាមេរិកគ្មាននិយាយពីគម្រោងជ្រែកជីកហ្វូណននេះទេព្រោះជាគម្រោងស្ថិតនៅលើទឹកដីកម្ពុជា សូមឲ្យកម្ពុជាត្រួតពិនិត្យពីរឿងផលប៉ះពាល់បរិស្ថានតែប៉ុណ្ណោះ។ លោកថា នេះជាការបញ្ជាក់ពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក ប៉ាទ្រីក ម័រហ្វី នាពេលកន្លងទៅ។

ការពីខែមេសាកន្លងទៅ អ្នកស្រាវជ្រាវវៀតណាមមួយក្រុមបានបង្ហាញរបាយការណ៍ថា វៀតណាម និងសហរដ្ឋអាមេរិកបង្ហាញក្តីបារម្ភ និងជំទាស់ការធ្វើគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា។ ការប្រឆាំងនេះរបស់ភាគីទាំងពីរគឺសម្តែងការព្រួយបារម្ភថា គម្រោងនេះបំរើឲ្យផលប្រយោជន៍ដល់យោធាចិនដើម្បីប្រឆាំងអាមេរិកនិងវៀតណាម។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងសម្រាប់បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ ហើយមិនមែនជាគម្រោងខណ្ឌបែងចែកទឹកដីដូចការសង្ស័យ និងការចោទប្រកាន់ណាមួយនោះដែរ។ លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញានឹងធ្វើឱ្យគម្រោងនេះលេចចេញជារូបរាងឱ្យបានជាដាច់ខាត បើទោះបីជាមានប្រទេសខ្លះសម្ដែងការព្រួយបារម្ភក៏ដោយ ព្រោះការសិក្សាបានបង្ហាញយ៉ាងលម្អិតថា គម្រោងនេះពុំបានបង្កផលប៉ះពាល់ណាមួយដល់បរិស្ថាននោះទេ៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ បណ្តាញសង្គម